
ភ្នំពេញ៖ ក្បួនធម្មយាត្រា “ដើម្បីសន្តិភាព” ដែលរៀបចំដោយគណៈសង្ឃនាយកទាំងពីរគណៈនៃកម្ពុជា ដែលប្រព្រឹត្តទៅនារសៀលថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ មានព្រះសង្ឃនិមន្តចូលរួម ចំនួន ២ ៥៦៩ អង្គ ក្នុងគោលំណង ដើម្បីទាមទាឱ្យមានការគោរពបទឈប់បាញ់ជានិរន្តន៍ ស្នើសុំថៃដោះលេងកងកម្លាំងយោធាកម្ពុជា ចំនួន ១៨ រូប ឱ្យវិលត្រឡបមកវិញ និងបិណ្ឌបាទឱ្យរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាព និងការការពារសន្តិភាពនៃប្រជាជាតិប្រទេសទាំងពីរកម្ពុជា-ថៃ។
ក្បួនធម្មយាត្រានេះ បានចាប់ផ្តើមចេញដំណើរពីរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដើម្បីឆ្ពោះទៅកាន់វិមានឯករាជ្យ ក្នុងគោលបំណងធំៗ ចំនួន ៣ រូមមាន៖ ទី១៖ សុំបិណ្ឌបាត្រឱ្យមានការគោរពបទឈប់បាញ់ជានិរន្តន៍ នៃប្រទេសទាំងពីរកម្ពុជា-ថៃ, ទី២៖ សុំបិណ្ឌបាត្រភាគីថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប ដែលត្រូវចាប់ជាចំណាប់ខ្មាំង ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា និង ទី៣៖ សុំបិណ្ឌបាត្រឱ្យរក្សាសន្តិភាព សុវត្ថិភាព និងស្ថិរភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរជានិរន្តន៍។
សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម ព្រះរាជតំណាងព្រះសង្ឃ នៃធម្មយាត្រាសន្តិភាព ថ្លែងអំណរគុណលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump សម្រាប់កិច្ចខិតខំប្រឹងប្រែងផ្តួចផ្តើមគំនិតសម្របសម្រួលឱ្យមានបទឈប់បាញ់បន្ទាន់ រហូតសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ចូលធរមានកាលពីម៉ោង១២យប់ រំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ។
ក្នុងសេចក្តីថ្លែងការណ៍របស់សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ «កម្ពុជា ពិតជាត្រូវការសន្តិភាព ស្ថេរភាព និងសុវត្ថិភាព និងការការពារសន្តិភាព ព្រោះសន្តិភាពជាឫសគល់នាំនូវការអភិវឌ្ឍន៍ដូច្នេះនិមន្តបិណ្ឌបាត្រឱ្យមានការគោរពបទឈប់បាញ់រវាងប្រទេសទាំងពីរកម្ពុជា-ថៃ, សូមបញ្ឈប់នូវការប្រើវិធីសាស្ត្រផ្សេងៗដែលនាំឲ្យមានអរិយភាពគ្នា និងសុំបិណ្ឌបាតភាគីថែដោះលែងកងទ័ពខ្មែរទាំង១៨រូប ដែលបានចាប់ទៅជាចំណាប់ខ្មាំងឲ្យត្រឡប់មកវិញ ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពព្រះពុទ្ធសាសនាថេរវាទដូចគ្នា ដើម្បីផ្តល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាសាកលលោកផងដែរ»។
ប្រជាពុទ្ធបរិស័ទដែលបានចូលរួមនៅក្នុងធម្មយាត្រា ក៏បានបួងសួងសុំឲ្យមានសេចក្តីសុខ សន្តិភាព សម្រាប់កម្ពុជា និងថៃ ព្រមទាំងសុខសុវត្ថិភាពសម្រាប់វីរកងទ័ពទាំងអស់ និងស្នើឲ្យភាគីថៃបញ្ជូនយុទ្ធជនកម្ពុជាទាំង១៨នាក់ ឲ្យបានឆាប់ផងដែរ៕





