
ភ្នំពេញ៖ លោក ប៉ែន បូណា ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាសហគម៍អន្តរជាតិថា «បេះដូងស្រឡាញ់សន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលស្របទៅនឹងស្មារតីរបស់សហគមន៍អន្តរជាតិ គឺជាជន្ទល់ដ៏រឹងមាំក្នុងការទ្រទ្រង់ក្នុងកិច្ចព្រមព្រៀងឈប់បាញ់ឱ្យមានប្រសិទ្ធភាព»។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងបទឈប់បាញ់នេះ កំពុងតែអនុវត្តស្ថិតក្នុងក្រសែភ្នែករបស់អ្នកតាមដានរបស់បណ្តាប្រទេសដែលស្រឡាញ់សន្តិភាព ក្នុងនោះរួមមាន បណ្តាក្រុមអ្នកអង្កេតការណ៍អាស៊ានអន្តរកាល បណ្តាអង្គទូត និងអនុព័ន្ធយោធាបរទេស ជាពិសេសក្រោមការឃ្លាំមើកយ៉ាងយកចិត្តទុកដាក់របស់ប្រទេសទាំងបី ដែលផ្តួចផ្តើមគំនិតឱ្យមានបទឈប់បាញ់ រួមមាន សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងចិន»។
ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ដោយឡែកនៅរសៀលថ្ងៃអាទិត្យ ទី១០ ខែសីហានេះ ព្រះសង្ឃ ចំនួន ២ ៥៦៩ អង្គ ជួបជុំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដើម្បីដង្ហែក្បួនធម្មយាត្រាសន្តិភាពឆ្ពោះទៅកាន់វិមានឯករាជ្យ គឺជាសក្ខីភាពមួយទៀត ក្នុងស្មារតីស្រឡាញ់សន្តិភាពរបស់កម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សារជាថ្មីម្តងទៀតថា៖ «កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងទទួចឱ្យភាគីថៃគោរពឱ្យពេញលេងនូវកិច្ចព្រមព្រៀងឈប់បាញ់ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា រក្សាកម្លាំងយោធារបស់ខ្លួនឱ្យឈរជើងលើទីតាំងបច្ចុប្បន្ន ដោយអនុញ្ញាតិឱ្យផ្លាស់ទីហួសពីទីតាំងដែលបានឈរជើងមុនកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន កាលពីវេលាម៉ោង១២រំលងអធ្រាត្រម៉ោងនៅក្នុងតំបន់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី0៧ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាភាគីទាំងពីរមិនត្រូវល័តកងទ័ពរបស់ខ្លួនរាប់បញ្ចូលការចល័តកងទ័ពចូលទៅទីតាំងភាគីម្ចាងទៀតឡើយ»។
អ្នកនាំពាក្យរដ្ឋាភិបាលអំពាវនាវដល់បងប្អូនទាំងក្នុង និងក្រៅប្រទេសរក្សាភាពនឹងនរស្ងៀមស្ងាត់ កុំជ្រួលច្របល់ចាញ់កលព័ត៌មានក្លែងក្លាយ ឬជាព័ត៌មានចាស់ត្រូវបានជនឱកាសនិយមបង្ហោះឡើងវិញ ដើម្បីបោកបន្លំភ្នែកសារណមតិជាពិសេសបន្លំភ្នែកប្រជាជនថៃ ប៉ុន្តែប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសមានស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ និងមានទំនុកចិត្តលើរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំយើង និងក្រសួងការពារជាតិ ព្រមទាំងលើវីរៈកងទ័ព លើវីរៈកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការការពារបូរណភាពទឹកដី៕



