
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង ០២និង០០នាទីរសៀល ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា៖ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនជួរមុខខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ កងកម្លាំងយោធាកម្ពុជាកំពុងឈរជើងបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន។
សម្របពេលជាមួយគ្នានេះដែរ ក្រុមមន្ត្រីអនុព័ន្ធយោធាបរទេស (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា ចំនួន ១៤រូប មកពី ៩ ប្រទេស រួមមាន ប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម កំពុងពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដែលយោធាថៃទម្លាក់គ្រាប់បែក MK-84 និងគ្រាប់ផ្លោង លើផ្ទះប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តសេនីយ៍សេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងទៀតថា បន្ទាប់ពិនិត្យជាក់ស្តែងលើទីតាំងរងការវាយប្រហារដោយយោធាថៃលើតំបន់ជនស៊ីវិល ដោយបំផ្លិចបំផ្លាញហេដ្ឋរចនាសម្ព័ន្ធជាច្រើននោះ ក្រុមមន្ត្រីអនុព័ន្ធយោធាបរទេស (MACPP) នឹងចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋជនភៀសសឹក រួមមាន ជនស៊ីវិល និងក្រុមគ្រួសារយោធិដែលរងរបួស និងពលី ព្រមទាំងបានពាំនាំនូវសម្ភារៈមនុស្សធម៌មួយចំនួនផ្តល់ជួនជនភៀសសឹកនៅស្នាក់នៅបណ្តោះអាសន្នក្នុងវត្តភ្នំពោធិ៍កំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ផងដែរថា បេសកកម្ម និងសកម្មភាពនេះ បានកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានឯកភាពគ្នាអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី៕





