
ព្រះវិហា៖ ប្រជាពលរដ្ឋភៀសសឹក ចំនួន ១៥ គ្រួសារ ស្មើនឹង ៤៧នាក់ ដែលបានមកស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន ដើម្បីបន្ដការងារបង្កបង្កើនផលស្រូវស្រែចំការ និងប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃឡើងវិញ។
ការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹកទាំង១៥គ្រួសារ គឺធ្វើឡើងនៅព្រឹកថ្ងៃទី២២កក្កដានេះ ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់បំផុតពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងារមណ្ឌលសុវត្ថិភាព ដែលដឹកនាំដោយ លោក សុខ សាន្ដតារ៉ា អភិបាលរងខេត្តព្រះវិហារ និងជាប្រធានមណ្ឌល។ ដើម្បីធានាថាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប្រព្រឹត្តទៅដោយសុវត្ថិភាព និងភាពងាយស្រួល ក្រុមការងារបានរៀបចំរថយន្តចំនួន ០២គ្រឿង របស់រដ្ឋបាលខេត្តសម្រាប់បម្រើការដឹកជញ្ជូន។
ប្រជាពលរដ្ឋទាំង ១៥ គ្រួសារ ដែលបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ រួមមាន៖ ភូមិតេជោមរកត ចំនួន ១១ គ្រួសារ ស្មើនឹង ៣៦ នាក់, ភូមិសែនតេជៈ ចំនួន ០៤ គ្រួសារ ស្មើនឹង ១១ នាក់។
ពលរដ្ឋទាំង១៥គ្រួសារ បានប្ដេជ្ញាថា ប្រសិនជាសភាពការណ៍មានភាពមិនប្រក្រតីកើតឡើងជាយថាហេតុ ពួកគាត់នឹងវិលត្រឡប់មកកាន់មណ្ឌលសុវត្ថិភាពវិញជាបន្ទាន់៕

