
ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ត្រង់ចំណុចភ្លើងស្តុប៩២ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មិនចេះអធ្យាស្រ័យគ្នាសោះ លើសលុះតិចតួចអត់ឪនគ្នាទៅ រថយន្តឃ្លុបដឹកអីវ៉ាន់ បើកប្រុងបត់ឆ្លងភ្លើងស្តុប ស្រាប់តែមានរថយន្ដកុងតឺន័រ មួយគ្រឿងប្រុងបើក បំពានភ្លើងស្តុបស្រាប់តែអ្នកបើកបរឡានឃ្លុបឈប់ទទឹងផ្លូវពាំងខាងមុខឡានកុងន័រ ហើយក៏ចុះមកឈ្លោះប្រកែកគ្នារហូតឈានដល់ប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក ដោយខាងភាគីរថយន្តឃ្លុបមានគ្នាច្រើន បានចាប់ក្របួចករអាវ គូជម្លោះខាងឡានកុងន័រ ធ្វើឲ្យដាច់ខ្សែក ភ្លាមនោះក៏ឈ្លោះប្រកែកគ្នារឹតតែខ្លាំង បង្ករឲ្យមានផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះជួយអន្តរាគមន៍ភ្លាមៗ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េប្រភេទឃ្លុបដឹកអីវ៉ាន់ពណ៌ស មិនចាំស្លាកលេខ បានបើកបរតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង បត់ឆ្វេងឆ្លងភ្លើងស្តុប ភ្លាមៗនោះមានរថយន្ដកុងតឺន័រមួយគ្រឿងទៀត ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ3A-2937 បម្រុងបើកឆ្លងបំពាន់ភ្លើងស្តុប ស្រាប់តែរថយន្តឃ្លុបដឹកអីវ៉ាន់ខាងលើ បានឈប់ចតនៅកណ្តាលផ្លូវ បាំងមិនឲ្យខាងរថយន្តកុងតឺន័រទៅមុខររួច ហើយអ្នកបើកបរទាំងពីរបានចុះពីរថយន្ត ឈ្លោះប្រកែកទាស់ពាក្យសម្ដីគ្នាទៅវិញទៅមក ផ្ទុះជាហិង្សាតែម្ដងទៅ ដោយខាងរថយន្តឃ្លុបដឹកអីវ៉ាន់មានគ្នា៣នាក់ បានចាប់ករអាវអ្នកបើករថយន្តកុងតឺន័រ ហើយខាងរថយន្តកុងតឺន័រទ្រាំមិនបានក៏ចាប់កអាវខាងរថយន្តឃ្លុបដឹកអីវ៉ាន់វិញ ឈានដល់ប្រតាយប្រតប់គ្នាទៅវិញទៅមក បណ្តាលឲ្យខាងរថយន្តឃ្លុបដឹកអីវ៉ាន់ម្នាក់បានដាច់បន្តោងខ្សែក ហើយឈ្លោះប្រកែកគ្នាពេញផ្លូវ ។
ក្រោយកើតហេតុ ភាគីខាងរថយន្តឃ្លុបបានឲ្យភាគីរថយន្តកុងតឺន័រ សងខ្សែក និងជួយ បន្តោងខ្សែករជ្រុះបាត់នោះ តែភាគីរថយន្តកុងតឺន័រមិនព្រមហើយឆ្លើយថាវាយគេមុនហើយឲ្យសង និងជួយរកទៀត អញមិនជួយរកមើលទេ។
តែនិយាយចរចាគ្នាមិនត្រូវព្រោះចង់ឈ្នះចាញ់គ្នា មិនទទួលកំហុស ប្រកែកយកត្រូវរៀងៗខ្លួននោះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បាននាំភាគីទាំងសងខាងយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មីភ្លាមៗ ក្រោយមកសមត្ថកិច្ចបានធ្វើការអប់រំធ្វើកិច្ចសន្យារៀងៗខ្លួននិងអោយត្រឡប់ទៅវិញភ្លាមៗផងដែរ ៕