2026-01-25 10:25
135

កំពង់ស្ពឺ៖ តាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្នុងអំឡុងថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន ២២,២១០ នាក់ បានមកទស្សនា និងស្នាក់នៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងទីតាំងកម្សាន្តនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ក្នុងចំណោមភ្ញៀវទេសចរសរុបនោះ មានភ្ញៀវទេសចរជាតិ ចំនួន ២២,០០០ នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិ មានចំនួន ២១០ នាក់ ប៉ុណ្ណោះ។ ចំនួននេះបង្ហាញថា ភ្ញៀវទេសចរជាតិជាភាគរយខ្ពស់បំផុត ដែលបន្តជាកម្លាំងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ក្នុងតំបន់។

មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កត្តាដែលធ្វើឲ្យភ្ញៀវទេសចរចូលមកកម្សាន្តកើនឡើង រួមមាន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការរៀបចំរមណីយដ្ឋានឲ្យមានភាពស្អាត និងមានសុវត្ថិភាព ព្រមទាំងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងតំបន់ភ្នំ ទឹកធ្លាក់ និងសហគមន៍ទេសចរណ៍ជាច្រើនកន្លែង។

អាជ្ញាធរមូលដ្ឋាន និងមន្ទីរទេសចរណ៍ បានបន្តអំពាវនាវឲ្យម្ចាស់អាជីវកម្មទេសចរណ៍ និងសហគមន៍ទេសចរណ៍ ពង្រឹងគុណភាពសេវាកម្ម អនាម័យ និងសុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ជាពិសេសភ្ញៀវអន្តរជាតិ ក្នុងរដូវទេសចរណ៍ខាងមុខ៕