2026-04-02 13:07
12

អោបដៃ អង្គុយមើលសង្គ្រាម២ព្រួត១នៅមជ្ឈិមបូព៌ាអស់ចិត្តហើយ ខណៈនេះយក្សចិនបានចេញមុខប្រកាសថា ទីក្រុងប៉េកាំង និងប៉ាគីស្ថាននឹងចូលខ្លួនដឹកដៃអាមេរិក អ៊ីស្រាអែល រួមទាំងអ៊ីរ៉ង់ ឲ្យចូលតុចរចារដើម្បីសម្រួលគ្នាបញ្ចប់សង្គ្រាម។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃទី1 ខែមេសាថា ប្រទេសចិន និងប៉ាគីស្ថានកំពុងធ្វើការសម្រុះសម្រួលបញ្ចប់ការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ា ដោយបង្កើតឱកាសសម្រាប់ការចរចាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈដែលជម្លោះឈានចូលដល់សប្តាហ៍ទីប្រាំ។ 

ក្រសួងការបរទេសចិនបានអះអាងថា ភាពតានតឹងនៅមជ្ឈិមបូព៌ា "មិនស្ថិតនៅក្នុងផលប្រយោជន៍របស់ភាគីណាមួយឡើយ" ហើយអាមេរិក និងអ៊ីរ៉ង់ រួមទាំងប្រទេសផ្សេងៗទៀតគួរតែស្វាគមន៍កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ចិន និងប៉ាគីស្ថានជុំវិញបញ្ហាសង្គ្រាមដែលកំពុងរាលដាលនេះ។ 

មុននេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីប៉ាគីស្ថាន លោក Ishaq Dar បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ហើយបានប្រកាសពីសំណើសន្តិភាពចំនួន៥ សម្រាប់តំបន់មជ្ឈិមបូព៌ាដែលរួមមាន៖ ការបញ្ចប់ជាបន្ទាន់ចំពោះអរិភាព, ការចាប់ផ្តើមការចរចាសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, សន្តិសុខសម្រាប់គោលដៅមិនមែនយោធា, សន្តិសុខសម្រាប់ផ្លូវសមុទ្រ និងការផ្តល់អាទិភាពដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ។ 

ក្នុងសំណើប្រាំចំណុចខាងលើ ទីក្រុងប៉េកាំង និងទីក្រុងអ៊ីស្លាម៉ាបាដក៏បានអំពាវនាវឱ្យអ៊ីរ៉ង់ "អនុញ្ញាតឱ្យនាវាស៊ីវិល និងនាវាពាណិជ្ជកម្មឆ្លងកាត់ដោយសុវត្ថិភាព ក៏ដូចជាការស្ដារឡើងវិញនូវការធ្វើនាវាចរណ៍ធម្មតាតាមរយៈច្រកសមុទ្រ Hormuz ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"។ 

គំនិតផ្តួចផ្តើមរួមគ្នានេះកើតឡើងនៅពេលដែលប៉ាគីស្ថានកំពុងសម្រុះសម្រួលកិច្ចចរចាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់អរិភាព។ 

ទោះបីជាយ៉ាងណាក៏ដោយ ភាគីចេញមុខសម្របសម្រួលទាំងពីរនេះមិនបានបញ្ជាក់អំពីវិធានការជាក់លាក់ណាមួយ សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក្នុងការអង្គុយនៅតុចរចាសម្រាប់បទឈប់បាញ់នោះទេ។ 

រីឯអាមេរិកវិញក៏មិនបានធ្វើការអត្ថាធិប្បាយលើសំណើរបស់ចិន និងប៉ាគីស្ថានដែរ។ 

ទន្ទឹមនឹងនោះ អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនមិនទាន់មានកិច្ចចរចាជាមួយអាមេរិកទេ បើទោះបីជាមានសារមួយចំនួនត្រូវបានផ្លាស់ប្តូររវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងបេសកជនអាមេរិក លោក Steve Witkoff ក៏ដោយ៕

សំណួរពេលនេះ តើសំឡេងរបស់ចិន និងប៉ាគីស្ថាន មានទម្ងន់លើ លោក ត្រាំ ដែរឬទេ?
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា