នេះអាចមិនមែនជាការសម្លុត ហើយក៏មិនមែនជាការគំរាមទៀតដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump បានបោះសម្ដីទៅ NATO ទាំងកំហឹងថា លោកនឹងដកអាមេរិកចេញពីអង្គការ NATO ដោយជំរុញឱ្យសម្ព័ន្ធភាពនេះចូលទៅក្នុងជំហរមិនច្បាស់លាស់បំផុតដែលមិនធ្លាប់មានពីមុន។
លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី១ ខែមេសា ក្នុងបទសម្ភាសន៍ជាមួយ រ៉យទ័រ ដោយសំដៅទៅអង្គការណាតូថា ពួកគេលែងជាមិត្តជាមួយអាមេរិកទៀតហើយ។
លោក Trump បន្តដោយប្រកាសច្បាស់ៗថាលោកនឹង "ពិចារណាយ៉ាងពិតប្រាកដ" ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ ព្រោះលោកជឿថាអង្គការនេះផ្តល់អត្ថប្រយោជន៍តិចតួចណាស់ដល់អាមេរិក ជាពិសេសអំឡុងពេលកំពុងមានជម្លោះជាមួយអ៊ីរ៉ង់តែម្ដង។
សង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែអូសបន្លាយពេលយូរ តែសម្ព័ន្ធមិត្តណាតូស្ទើរតែទាំងអស់បែរជាឈរអោបដៃមើល ដោយមិនបង្ហាញសកម្មភាពអ្វីសោះទៅវិញ ជាហេតុធ្វើឲ្យ លោក ត្រាំ តែងតែរិះគន់អង្គការនេះ និងបង្ហាញការអន់ចិត្តម្ដងជាពីរដងចំពោះសម្ព័ន្ធមិត្តទាំងនោះ។
លោក Vincenzo Camporini ទីប្រឹក្សាវិទ្យាសាស្ត្រនៅវិទ្យាស្ថានសម្រាប់កិច្ចការអន្តរជាតិស៊កសម្ដីឲ្យ លោក ត្រាំ ថា ទីក្រុងវ៉ាស៊ីនតោនមិនគួរភ្ញាក់ផ្អើលទេដែលសម្ព័ន្ធមិត្តរបស់ខ្លួនស្ទាក់ស្ទើរក្នុងការសហការជាមួយនៅក្នុងជម្លោះអ៊ីរ៉ង់។
លោក Camporini លើកហេតុផលថា ការពិតដំបូងឡើយសហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារដោយគ្មានការពិគ្រោះយោបល់ណាមួយ ជាមួយសម្ព័ន្ធមិត្តណាតូសូម្បីតែបន្តិច ហើយក៏មិនបានពិចារណាក្នុងការជូនដំណឹងដល់សម្ព័ន្ធមិត្តរបស់ខ្លួនអ្វីនោះដែរ។ ដូច្នេះអាមេរិកមិនអាចធ្វើតាមតែអំពើចិត្ត ហើយបន្ទាប់មកសុំការគាំទ្រពីប្រទេសផ្សេងទៀតរបស់ណាតូនោះទេ។
បង្ហាញការព្រហើយកន្តើយចំពោះមតិរិះគន់ចំៗបែបនេះ លោក ត្រាំ ហាក់មិនខ្វល់នឹងបន្តរិះគន់ណាតូថា អង្គការនេះគ្រាន់តែជាខ្លាក្រដាសប៉ុណ្ណោះ។
លោក ត្រាំ បន្តដៀមដាមឲ្យណាតូថា បណ្តាប្រទេសនៅអឺរ៉ុបគួរតែ «ប្រមូលភាពក្លាហានដែលយឺតយ៉ាវទៅច្រកសមុទ្រ Hormuz ហើយយកប្រេងមកវិញដោយខ្លួនឯង»។
លោក ត្រាំ បន្ថែមថា "យើងនឹងចាកចេញក្នុងពេលឆាប់ៗនេះ ហើយប្រសិនបើប្រទេសបារាំង ឬប្រទេសណាមួយចង់បានប្រេង ឬឧស្ម័នឆ្លងកាត់ច្រកសមុទ្រ Hormuz ពួកគេអាចទៅទីនោះ ហើយថែរក្សាខ្លួនឯងបាន"។
ចុងបញ្ចប់ប្រធានាធិបតីសហរដ្ឋអាមេរិកផ្ដាំទៅសម្ព័ន្ធមិត្តរបស់ខ្លួនទាំងមិនស្ទាក់ស្ទើរថា "អ្នកនឹងត្រូវចាប់ផ្តើមរៀនប្រយុទ្ធដោយខ្លួនឯង។ អាមេរិកនឹងមិននៅទីនោះដើម្បីជួយអ្នកទៀតទេ ដូចជាអ្នកមិននៅទីនោះដើម្បីជួយពួកយើងដូចគ្នា" ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





