2025-11-11 23:26
6

លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា ត្រូវបានបញ្ចប់ហើយ ប្រទេសថៃ ដកខ្លួនចេញពីសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានគេហៅថា “កិច្ចព្រមព្រៀងសន្តិភាព” ដែលមានលក្ខខណ្ឌ ៤ ចំណុច និងបានអះអាងអំពីសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសថៃ ក្នុងការធ្វើសកម្មភាពដោយឯករាជ្យ។

ការប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ពីសំណាក់នាយករដ្ឋមន្ត្រីថៃ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកើតមានឧបទ្ទហេតុផ្ទុះមីន នៅក្បែរប្រាសាទព្រះវិហារ របស់កម្ពុជា បណ្តាលឱ្យទាហានថៃ រងរបួស ក្នុងនោះមានម្នាក់ បាត់បង់ជើងស្តាំម្ខាង ខណៈពួកគេដើរល្បាតចូលចំការមីនចាស់។

ជុំវិញករណីនេះ ភាគីថៃ បានបន្តចោទប្រកាន់មកលើកម្ពុជា ថាបានដាក់មីនថ្មី ដោយគ្មានហេតុផល និងភស្តុតាងច្បាស់លាស់ ដើម្បីជាលេសបញ្ចប់នូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងនាយករដ្ឋមន្ត្រីម្ពុជា និងថៃ នៅចំពោះមុខ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម  ជាប្រធានអាស៊ាន ជាសាក្សី។

លោក Anutin បានថ្លែងបញ្ជាក់ថា “ប្រទេសថៃជាកម្មសិទ្ធិរបស់យើង។ កន្លែងដែលខ្ញុំឈរនៅពេលនេះ គឺជាដីរបស់ថៃ។ គ្មាននរណាម្នាក់ អាចទាមទារអធិបតេយ្យភាពលើវាបានទេ។ ដំណើរការសន្តិភាពបានបញ្ចប់។ ចាប់ពីពេលនេះតទៅប្រទេសថៃ នឹងធ្វើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃ ដោយមិនចាំបាច់ពិគ្រោះយោបល់ ឬ សុំការអនុញ្ញាតពីនរណាម្នាក់ឡើយ”។

លោក Anutin បានបញ្ជាក់ទៀតថា “រដ្ឋាភិបាលបានពិភាក្សាអំពីផែនការប្រតិបត្តិការជាមួយកងទ័ពភូមិន្ទថៃ នៅព្រឹកថ្ងៃពុធនេះ ហើយក្រសួងការពារជាតិបានទទួលសេចក្តីជូនដំណឹងអំពីនីតិវិធីនានា”។

លោកបានសង្កត់ធ្ងន់ថា “ថៃនឹងមិនគោរពតាមចំណុច ៤ នៃសន្ធិសញ្ញារួមទៀតទេ ហើយរដ្ឋាភិបាលនឹងគាំទ្រដល់ប្រតិបត្តិការរបស់កងទ័ពយ៉ាងពេញលេញក្នុងបរិបទសន្តិសុខជាតិ”។

នៅពេលសារព័ត៌មានសួរអំពីសំណើរបស់ម៉ាឡេស៊ី ក្នុងការស្ដារឡើងវិញនូវការចរចាសន្តិភាព លោក Anutin បានឆ្លើយថា៖ “ស្ដារឡើងវិញអ្វី? កិច្ចព្រមព្រៀងនោះបញ្ចប់ទៅហើយ”។

សូមជម្រាប កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមកនេះ មានឧបទ្ទវហេតុផ្ទុគ្រាប់មីន នៅតំបន់ Huai Tamaria ស្រុក Kantharalak ខេត្ត Sisaket បណ្តាលឱ្យទាហានថៃ ចំនួន ០៤ នាក់ បានរងរបួស បន្ទាប់ពីបានជាន់មីន នៅតំបន់ភ្នំទ្រព្យ ជិតប្រាសាទព្រះវិហារ ប្រទេសកម្ពុជា ក្នុងនោះ ទាហានម្នាក់បាត់បង់ជើងស្តាំម្ខាង។ ក្រោយមានហេតុការណ៍នេះ ភាគីថៃ បន្តចោទប្រកាន់មកលើកម្ពុជា ដោយគ្មានហេតុផល ថាបានរំលោភកិច្ចព្រមព្រៀងបានដាក់មីនថ្មី នៅតំបន់ព្រំដែន រួចយកលេសប្រកាស “ផ្អាក” វិធានការទាំងអស់ ក្រោមសេចក្តីប្រកាសសន្តិភាពរួម ដែលបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី២៦ ខែតុលា។
ពាក់ព័ន្ធការចោទប្រកាន់របស់ភាគីថៃ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរមីន បានប្រកាសបដិសេធដាច់អហង្កាដោយអះអាងថា កម្ពុជាមិនប្រើប្រាស់ ឬ ដាក់មីនថ្មី ដូចការចោទប្រកាន់របស់ថៃមកលើកម្ពុជាឡើយ។ កម្ពុជា រំឭកឱ្យភាគីថៃចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជា “ចម្ការមីន” ដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់”ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។

កម្ពុជា នៅតែប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ជាមួយនិងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិលើពិភពលោក។ កម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមនេះ៕