2025-11-09 09:06
14

កោះកុង៖ មានករណីភ្ញាក់ផ្អើលមួយ កើតឡើងនៅភូមិកោះស្រឡៅ ខេត្តកោះកុង កាលពីម៉ោង ៤ល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីសិស្សសាលាស្រីម្នាក់ ដែលទើបចេញពីរៀន ត្រូវឆ្កែហាសស្គី ចំនួន ០៧ ក្បាលព័ទ្ធខាំយ៉ាងសាហាវ។ ករណីនេះ បានបង្កការភ្ញាក់ផ្អើល និងការព្រួយបារម្ភយ៉ាងខ្លាំងក្នុងសហគមន៍។

ជនរងគ្រោះបានរងរបួសសុះសាច់ នៅតំបន់ជើង និងដៃ ហើយត្រូវបានជួយបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ និងព្យាបាលបឋម។ 

អ្នកភូមិដែលឃើញហេតុការណ៍បានជួយបញ្ឈប់ស្ថានភាពនោះ និងជួយសិស្សចេញពីការគំរាមគំហែងរបស់សត្វឆ្កែដ៏សាហាវទាំងអស់នេះ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានចុះទៅកន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតពីម្ចាស់ឆ្កែ និងស្ថានភាពជាក់ស្តែង។ 

ព័ត៌មានដំបូងបង្ហាញថា ឆ្កែទាំងនេះជាសត្វចិញ្ចឹមដែលមិនបានគ្រប់គ្រងសមរម្យ ហើយអាចមានការរត់ចេញពីទីតាំងមានរបងបិទជិត ឬទ្រុង។

អាជ្ញាធរមូលដ្ឋានបានអំពាវនាវឲ្យប្រជាពលរដ្ឋ មានឆ្កែចិញ្ចឹមប្រុងប្រយ័ត្ន និងគ្រប់គ្រងឲ្យបានត្រឹមត្រូវ ដើម្បីការពារកុមារ និងសុវត្ថិភាពសាធារណៈ។ 

ករណីនេះក៏ជាការរំលឹកដល់សង្គមអំពីសារៈសំខាន់នៃការរក្សាសត្វចិញ្ចឹមឲ្យបានសុវត្ថិភាពផងដែរ៕