កំពង់ស្ពឺ៖ ស្ថានភាពផ្លូវលេខ ១៤០ ឬហៅថា ផ្លូវត្រពាំងខ្យង ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តភ្ជាប់រវាងផ្លូវលេខ ១៣០ ចំណុចផ្លូវបំបែកភូមិដែកភ្លើង ឃុំរលាំងគ្រើល ទៅកាន់ផ្លូវជាតិលេខ ៤ ផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរជំនាញមិនមានវិធានការជួសជុល ទុកបណ្តោយឱ្យកាន់ខួចខ្លាំងធ្វើឱ្យរដ្ឋចំណាយថវិការកាន់ច្រើន ដើម្បីជួសជុលឡើងវិញ។
តាមប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដែលមានប្រវែងប្រហែល ៨ គីឡូម៉ែត្រ រងការខូចខាតដោយឡានដឹកដី និងថ្មដែលមានទម្ងន់លើសកំណត់។ ការបើកបរលើផ្លូវនេះបានបណ្ដាលឲ្យផ្លូវទ្រុឌទ្រោម និងខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។
ប្រជាពលរដ្ឋ បានបញ្ជាក់ថា ទីតាំងដែលរងការខូចខាតខ្លាំងបំផុត គឺនៅចំណុចភូមិដែកភ្លើង ឃុំត្រពាំងគង ស្រុកសំរោងទង ចុះពីផ្លូវលេខ ១៣០។ ប្រជាពលរដ្ឋ បានរាយការណ៍ថា ផ្លូវត្រង់ចំណុចនេះបានក្លាយទៅថ្លុកត្រពាំងដក់ទឹកលិចលើជង្គង់បាត់ស្ថាភាពជាផ្លូវទៅហើយ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា៖ “ពេលនេះផ្លូវខូចខាតខ្លាំងណាស់ ទឹកជន់ពេញផ្លូវ ពេលរដូវភ្លៀងក៏ធ្វើដំណើរលំបាក។
ពួកគាត់ស្នើសុំអាជ្ញាធរជួសជុលឲ្យបានឆាប់ៗ ដើម្បីសម្រួលការធ្វើដំណើរ និងលើកស្ទួយជីវភាពប្រចាំថ្ងៃ ព្រោះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅបំពេញការងារ និងដឹកជញ្ជូននានាទៅទៅកាន់ទីផ្សារ”។
សំណើររបស់ប្រជាពលរដ្ឋ គឺឲ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ មានវិធានការជួសជុល និងគ្រប់គ្រងការប្រើប្រាស់ផ្លូវនេះ ដើម្បីបញ្ឈប់ការខូចខាតបន្ថែមទៀត៕




