2025-11-08 14:15
4

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានប្រកាសឲ្យអតិថិជន ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ ចំនួន ១០០% របស់គម្រោងផ្ទះ និងដីឡូត៍ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ ៦A ស្ថិតក្នុងភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិផ្ទះ និងដីឡូត៍។

ក្រសួងនឹងបន្តទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍ និង/ឬ ផ្ទះគ្រប់ចំនួន ១០០% ជាពិសេសអតិថិជន ដែលមានឈ្មោះក្នុងបញ្ជីជូនភ្ជាប់មកជាមួយនឹងសេចក្តីប្រកាសព័ត៌មាននេះ នៅសាលប្រជុំ ៣៨៦ ជាន់ទី១ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ។

ក្រសួងបញ្ជាក់ថា អតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ត្រូវត្រៀមឯកសារសំខាន់ៗ ដូចជា៖ ១.កិច្ចសន្យាលក់ទិញដីឡូត៍ និង/ឬផ្ទះ (ច្បាប់ដើម)។ ២. វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) និង៣. ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ។

ក្រសួងបានអំពាវនាវឱ្យអតិថិជនទាំងអស់ប្រើប្រាស់ឱកាសនេះ ដើម្បីធានាសិទ្ធិផ្ទាល់ខ្លួនលើអចលនវត្ថុ និងជួយបង្កើនភាពជឿជាក់លើប្រព័ន្ធគ្រប់គ្រងដីធ្លីជាតិ៕