2025-11-08 11:59
5

ភ្នំពេញ៖ ករណី ឆបោកមួយ បានកើតឡើងនៅរាជធានីភ្នំពេញ ដែលជនសង្ស័យជាស្ត្រីវ័យក្មេងម្នាក់ មានរូបសម្រស់ស្រស់ស្អាត ត្រូវបានចោទប្រកាន់ថាបានលួមលោម និងរំលោភលើសេចក្ដីទុកចិត្ត ថានឹងទទួលទិញនូវគ្រឿងអលង្កា ជាកងដៃ ចំនួន ០៣ កង ដែលគិតជាតំលៃប្រហែលជាង ១ ម៉ឺនដុល្លារ។ បន្ទាប់ពីទទួលបានគ្រឿងអលង្កា នារីជាជនសង្ស័យបានផ្តេចទំនាក់ទំនងបាត់ឈឹងតែម្តង។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះជានារីម្នាក់ បានជឿជាក់លើស្ត្រី ឈ្មោះ កង ហេង អង្គាពេជ្រ អាយុ ៣០ ឆ្នាំ ដែលបានសន្យាទិញគ្រឿងអលង្កាជាកងដៃ ចំនួន ០៣ កង មានតម្លៃសរុបជាង ១ ម៉ឺនដុល្លារ។ បន្ទាប់ពីទទួលបានគ្រឿងអលង្កា ស្ត្រីសង្ស័យបានផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ និងរត់គេចខ្លួនបាត់ស្រមោល។

ក្រោយដឹកថាចាញ់បោកគេ ជនរងគ្រោះបានដាក់ពាក្យប្តឹងសុំអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានកោះអញ្ជើញស្ត្រីសង្ស័យមកបំភ្លឺ និងដោះស្រាយចំពោះករណី “ឆបោក និងរំលោភលើសេចក្តីទុកចិត្ត” ចំនួន ០៤ លើក ប៉ុន្តែជនសង្ស័យមិនបានចូលខ្លួនតាមការអញ្ជើញនោះឡើយ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត និងស្វែងរកជនសង្ស័យ ដើម្បីនាំមកចូលរួមក្នុងដំណើរការស្វែងយុត្តិធម៌តាមច្បាប់៕