2025-11-04 11:43
16

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ លោក ប្រាក់ សុខុន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះតួនាទីសំខាន់ក្នុងការធានាបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេររបស់កម្ពុជា ចំពោះការអនុវត្តសន្ធិសញ្ញាសន្តិភាពនេះ។

ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការនៅវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ជំនួបនេះបង្ហាញពីការបន្តសហការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការរួមចំណែករក្សាសន្តិភាព និងស្ថិរភាពតំបន់៕