2025-10-27 15:21
8

ភ្នំពេញ៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអស់ចិត្តឡើយ បើមិនបានជួបផ្ទាល់ជាមួយលោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានមហាជនស្គាល់ថាជា មន្ត្រីសកម្ម និងមានសិល្បៈក្នុងការងារ ធ្វើឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។

បន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងារ លោក ប៉ាង លីដា ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ទីបំផុតនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ លោក ប៉ាង លីដា បានអញ្ជើញមកទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីជួបសន្ទនាជាមួយលោកបណ្ឌិត ស សុខា នៅសាលវរជ័យ ដែលជាកន្លែងប្រជុំកិច្ចការសំខាន់ៗរបស់រដ្ឋមន្ត្រីផ្ទាល់។

វត្តមានលោក ប៉ាង លីដា បានញាំងឱ្យលោកឧបនាយករដ្ឋមន្ត្រី ស សុខា មានក្ដីរំភើបក្ដុកក្ដួល ពីព្រោះកន្លងមកលោកបានឃើញ និងស្គាល់មន្ត្រីមូលដ្ឋានរូបនេះ តែតាមរយៈសកម្មភាពដោះស្រាយបញ្ហាផ្សេងៗ ជាអាទិ៍ មូលដៃអាវ មូលជើងខោ ចុះដឹកនាំមន្ត្រីកាយប្រឡាយ ស្ដារលូរំដោះទឹក និងប្រើគ្រប់វិធីសាស្រ្ត ដើម្បីទទូចសុំពលរដ្ឋ សហការរំដោះចិញ្ចើមផ្លូវសាធារណៈជាដើម។

ជាថ្មីម្ដងទៀត លោកបណ្ឌិត ស សុខា បានមានប្រសាសន៍ថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន នឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើមានមន្ត្រីដូច លោក ប៉ាង លីដា កាន់តែច្រើន។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងដោយមិនរារែកទៀតថា សកម្មភាព លោក ប៉ាង លីដា បានផ្ដល់មេរៀន និងបទពិសោធជាច្រើនដល់រូបលោកផ្ទាល់ ជាពិសេសការប្រើពាក្យពេចន៍ និងវិធីសាស្រ្តដោះស្រាយនៅកន្លែងដែលមានបញ្ហាជាក់ស្ដែងផ្ទាល់ជាមួយពលរដ្ឋ

លោកបណ្ឌិត ស សុខា បានលើកឡើងថា នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផ្សេងៗទៀត ក៏មានមន្ត្រី រួមទាំងអភិបាលរងនទទួលបន្ទុកការងារសណ្ដាប់ធ្នាប់សាធារណៈបានកំពុងទទួលដឹកនាំដោះស្រាយបញ្ហានេះជាប្រចាំដែរ។ សម្រាប់ករណី លោក ប៉ាង លីដា លោករដ្ឋមន្ត្រីចាត់ទុកជាបុគ្គលគំរូមួយរូប ដើម្បីជំរុញបន្ថែមទៀតនូវការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី រួមទាំងបំផុសចលនាចូលរួមគាំទ្រពីប្រជាពលរដ្ឋដោយខ្វះមិនបាន។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកទឹកចិត្ត លោក ប៉ាង លីដា បន្តការងាររបស់ខ្លួនព្រមទាំងបានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្តការគាំទ្រដល់រដ្ឋបាលខណ្ឌ គាំទ្រការងារ លោក ប៉ាង លីដា ដើម្បីដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ដែលទីបំផុតការងារនេះផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះផ្ទាល់ ជាក់ស្ដែង ផ្លូវស្អាត ផ្លូវធំ លូហូរទឹកលឿន ប្រឡាយមិនស្ទះ គ្មានការជនលិច បរិស្ថានស្អាត ស្រួលរស់នៅ ស្រួលប្រកបរបរ ដីឡើងថ្លៃជាដើម។

ផ្អែកលើបទពិសោធនៃការអនុវត្តជាក់ស្ដែងរបស់លោក ប៉ាង លីដា លោកបណ្ឌិត ស សុខា បានស្នើសុំលោកដឹកនាំសហការី រៀបចំខ្លឹមសារជំនួយស្មារតី និងរូបភាពជាក់ស្ដែងមួយចំនួន ស្ដីពី គោលការណ៍ដែលបានប្រកាន់ខ្ជាប់ និងសកម្មភាពដែលបានអនុវត្តផ្ទាល់ ដើម្បីធ្វើបទបង្ហាញចែករំលែកជូនទៅកាន់មន្ត្រីពាក់ព័ន្ធ ក្នុងសន្និបាតរបស់រដ្ឋបាលរាជធានីភ្នំពេញ និងជាពិសេសសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ។

លោក ប៉ាង លីដា បានទទួលអនុវត្តតាមការស្នើរបស់រដ្ឋមន្ត្រី និងបានបង្ហាញនូវសេចក្ដីរំភើបរីករាយស្ទើរនឹកស្មានពុំដល់ក្នុងជីវិតការងារ ដែលរូបលោក បានទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ ដើម្បីបន្តសកម្មភាពក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌ និងការចូលរួមរបស់មន្ត្រីពាក់ព័ន្ធ។ លោកថ្លែងក្នុងន័យដើមថា «រូបខ្ញុំសម្រាកពុំលក់ឡើយ ដោយហេតុនឹកស្មានពុំដល់សោះ ថាបានមកជួបសន្ទនាផ្ទាល់ជាមួយឯកឧត្តមអភិសន្តិបណ្ឌិតនាថ្ងៃនេះ»

លោក ប៉ាង លីដា ក៏បានបន្តជម្រាបជូនអភិសន្តិបណ្ឌិត ស សុខា អំពីទិដ្ឋភាពជាក់ស្ដែងដែលលោកបានអនុវត្ត ដោយគូសបញ្ជាក់ថា «ការងារនេះ ពុំអាចខ្វះបានឡើយនូវឆន្ទៈចេញពីខ្លួនឯងផ្ទាល់ ហើយរឹតតែមិនអាចខ្វះបានឡើយ ការផ្ដល់ទំនុកចិត្ត និងដឹកនាំតម្រង់ទិសពីថ្នាក់ដឹកនាំ រួមទាំងការចូលរួមពីមន្ត្រីជាសេនាធិការ រួមទាំងកម្លាំងប្រជាការពារ និងជាពិសេសទៀតនោះ គឺការចូលរួមសហការចេញពីប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងបញ្ហាត្រូវដោះស្រាយផ្ទាល់»

លោក បានបន្ថែមទៀតថា ក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ គឺលោកបានប្រកាន់ខ្ជាប់ដោយឥតងាករេឡើយគោលការណ៍អនុវត្តច្បាប់ដោយស្មើភាព មិនទទួលជាដាច់ខាតផលប្រយោជន៍ចេញពីបុគ្គលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហា និងការសុំគោលការណ៍ដឹកនាំតម្រង់ទិសជាប្រចាំពីថ្នាក់ដឹកនាំ ជាពិសេសអភិបាលខណ្ឌ ដែលជាមេកើយផ្ទាល់របស់ខ្លួន ទន្ទឹមគ្នានឹងការពន្យល់ប្រជាពលរដ្ឋ ឱ្យដឹងពីទិដ្ឋភាពច្បាប់ ឱ្យដឹងពីវិធីសាស្រ្តដោះស្រាយ និងលទ្ធផលដែលពួកគាត់ទទួលបាន ជាដើម៕