2025-10-27 15:19
9

កំពត៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានប្រគល់ជូនធុងសំរាម ចំនួន ២ ៣៥៨ ធុងជូនទៅរដ្ឋបាលខេត្តកំពត ដើម្បីចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមទៅទូទាំងខេត្តកំពត ក្រោមអធិបតីភាព លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការ និងជាតំណាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រគល់ធុងសំរាមជានិមិត្តរូបជូនទៅរដ្ឋបាលខេត្តកំពត តំណាងដោយលោក មឿង គង្គារ អភិបាលរង និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពត មន្ទីរ អង្គភាព ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ នៅក្រុងកំពត ខេត្តកំពត។ 

លោក សាបូ អូហ្សសាណូ បានថ្លែងថា ក្រសួងបរិស្ថានបានចែកជូននៅធុងសំរាមជាច្រើនដល់រដ្ឋបាលខេត្ត ដើម្បីបន្តចែកជូន ចំនួន ៣ធុងសំរាមដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ និងម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាមដែលមានតម្លៃសេដ្ឋកិច្ចអាចលក់បាន។ 

លោក មឿង គង្គារ អភិបាលរងខេត្តកំពត បានថ្លែងអំណរគុណដល់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានប្រគល់សម្ភារគ្រប់គ្រងសំរាម សំណល់រឹង រួមមានធុងសំរាមនាថ្ងៃនេះ ជូនរដ្ឋបាលខេត្តដើម្បីបង្កើនភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តកំពត ដែលសម្បូរដោយតំបន់ទេសចរណ៍ ទេសភាព ទីតាំងវប្បធម៌ ប្រវត្តិសាស្រ្ត សមុទ្រ និងធនធានធម្មជាតិ ដ៏ស្រស់ស្អាត ប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់សាភ័ណភាព និងលើកកម្ពស់សុខភាពរស់នៅរបស់ប្រជាជន ការទាក់ការវិនិយោគ បង្កើនជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានរៀបចំឡើងអនុលោមទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលបានគូសបញ្ជាក់ពីបេសកកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។ យុទ្ធសាស្ត្រនេះបានរៀបចំឡើង ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញពីអាទិភាព ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព មានមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ ដើម្បីកម្ពុជា មានភាពស្អាត កាត់បន្ថយការបំពុលបរិស្ថាននៅលើដី ក្រសួងបរិស្ថាន បានដាក់យុទ្ធនាការជាបន្តបន្ទាប់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក។ 

ផ្តើមចេញពីភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួម សរុបចំនួនជាង ១៣ លាន អង្គ/នាក់។ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការបន្ទាប់មួយបន្ថែមទៀតគឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬ មួយឃុំ ឬ មួយស្រុក ឬ មួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ ដោយធ្វើការប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ 

ក្រសួងបរិស្ថាន បានកំពុងនឹងកំពុងជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការសម្អាត ផ្លូវជាតិឱ្យបានស្អាត គ្មានសំរាម សំណល់ប្លាស្ទិកនៅតាមដងផ្លូវជាតិ។ ជាលទ្ធផលនៃការអនុវត្តផែនការសកម្មភាពនៃយុទ្ធនាការផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» រួមមាន៖ ខ្សែផ្លូវដែលមានភាពស្អាតលើសពី ៨០% មានចំនួនសរុបជាង ៥០ ខ្សែ ប្រវែងសរុប ៥ ១១៨,៤១ គ.ម.។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត និងជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត បន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានបរិស្ថានស្អាត និងការស់នៅប្រកបដោយចីរភាព។ ការបង្កើនភាពស្អាតរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ សម្អាតអនាម័យតាមកន្លែងការងារ និងមូលដ្ឋាននានា ជួយបង្កើនសោភ័ណភាព មានអនាម័យ ទាក់ទាញទេសចរណ៍ និងធ្វើឱ្យមានសុខភាពល្អ៕