2025-10-25 08:36
14

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី 

អញ្ជើញអមដំណើរ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ច មកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ានការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្ដាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក ឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងសកលលោក។

អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្ដេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីលើបញ្ហានានា ដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម៕