2025-10-18 17:55
12

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាលើពង្រៀងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលានេះ។

កាចរចាលើឯកសារនេះ បានធ្វើឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែទើបនឹងសម្រេច នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសម្ភាសជាមួយនឹងទទក ក្រោយបញ្ចប់ការចរចា។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា៖ «ម្សិលមិញនេះ (ថ្ងៃទី១៧ ខែតុលា) យើងបានជួបគ្នាដោយផ្ទាល់ ហើយចរចាគ្នារហូតដល់យប់ ហើយបានឯកភាពគ្នាលើឯកសារមួយ ដែលសង្ឃឹមថា ឯកសារនេះនឹងត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរកម្ពុជា-ថៃ ដោយមានការចុះហត្ថលេខាជាសាក្សីដោយ ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន»។

កិច្ចព្រមព្រៀង ឬឯកសារសន្តិភាពមួយនេះ ត្រូវបានប្រមុខការទូតកម្ពុជា អះអាងថា វានឹងក្លាយទៅជាឯកសារដែលផ្តល់នូវភាពរឹងមាំដែលនាំប្រទេសទាំងពីរ ទៅរកភាពប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ហើយក៏ជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងជាមួយគ្នា ព្រមទាំងបង្កើតឱកាសនានាដើម្បីប្រទេសទាំងពីររស់នៅដោយសុខសន្តិភាព និងវិបុលភាព។

ក្រៅពីការប្តេជ្ញាចិត្ត និងការអះអាងជាថ្មីរវាងប្រទេសទាំងពីរ ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ គោរពគ្នាទៅវិញទៅមក ជាពិសេសគោរពគោលការណ៍អធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យជាតិរបស់ប្រទេសនីមួយៗ ព្រមទាំងតាំងចិត្តសម្រាប់ស្តារទំនុកចិត្តរវាងគ្នាទៅវិញទៅមក ឯកសារនៃកិច្ចព្រមព្រៀងនោះ ក៏មានរៀបរាប់អំពីកិច្ចការសំខាន់មួយចំនួនទៀត ដែលពង្រឹងទំនុកចិត្ត និងស្តារប្រក្រតីភាពឡើងវិញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែល ត្រូវបានរដ្ឋាភិបាលកម្ពុជា-ថៃ ទម្លាក់ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បន្ទាប់ពីមានភាពតានតឹង។

ក្រៅពីនោះ ក្នុងឯកសារ នៃកិច្ចព្រមព្រៀងសម្រាប់ការចុះហត្ថលេខា ភាគីទាំងពីរក៏បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ, ការបោសសម្អាតមីននៅព្រំដែន ជាពិសេសគឺការដកអាវុធធុនធ្ងន់ទាំងឡាយនៅព្រំដែនបញ្ចូលទៅមូលដ្ឋានទ័ពរៀងៗខ្លួនឡើងវិញ ដើម្បីកាត់បន្ថយភាពតានតឹងផងដែរ។

ភាគីថៃ បានអះអាងថា នឹងដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលយោធាថៃចាប់ខ្លួន១ថ្ងៃ ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរ បានប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព ការគោរពគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះផ្សេងៗ ដើម្បីរួមគ្នាក្នុងឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ ដោយប្រទេសទាំងពីរ មិនអាចរើដីចេញទេឡើយ។

បើតាម លោកឧបនាយករដ្ឋមន្រ្តី, ការចរចាចុងក្រោយនេះ មានលក្ខណៈតឹងតែដែរ ប៉ុន្តែដោយសារឆន្ទៈរួមរបស់ប្រទេសទាំងពីរ ក៏ដូចជារបស់អាមេរិក ដែលជាអ្នកសម្របសម្រួល និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន គឺភាគីទាំងអស់មានការប្តេជ្ញាចិត្តរួមគ្នាក្នុងការស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ និងតំបន់ទាំងមូល ទើបនាំឱ្យមានការឯកភាពចំពោះឯកសារកិច្ចព្រមព្រៀងនេះ។

ប្រមុខការទូតកម្ពុជា បានសម្តែងការដឹងគុណរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនាំមកនូវបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតឈានដល់ឯកសារកិច្ចព្រមព្រៀងសន្តិភាពនាពេលនេះ ហើយលោកក៏បានអរគុណដល់ម៉ាឡេស៊ី ដែលបានសម្របសម្រួល និងធ្វើជាម្ចាស់ផ្ទះសម្រាប់ការចរចាកន្លងមក។ លោកបានអរគុណដល់ ប្រទេសជាមិត្តបរទេសដទៃទៀត ជាពិសេសប្រទេសចិនតែម្តង ដែលតែងតែខិតខំលើកទឹកចិត្តឱ្យកម្ពុជានិងថៃ ដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយគ្នា៕