
ភ្នំពេញ៖ ក្រោយផ្ទុះរិះគន់តាមបណ្តាញសង្គម និងសារព័ត៌មាននានា ចំពោះការសម្រេចក្តីផ្តន្ទាទោស លើអតីតមន្ត្រីនគរបាល មានឈ្មោះ ហ៊ុន ហេង ថាជារឿង “អយុត្តិធម៌” សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍បំភ្លឺជូនសាធារណជនថា ការសម្រេក្តីលើសំណុំរឿងនេះ គឺស្របតាមលក្ខខណ្ឌ និតិវិធី និងបទបញ្ញាត្តិនៃច្បាប់ធរមាន។
កាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ នូវសាលក្រមព្រហ្មទណ្ឌលេខ ៣៨០៩ «ភ» ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៧០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយសម្រេចផ្តន្ទាទោស លើជនជាប់ចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ ៦១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០៣ (បី) ឆ្នាំ ដោយទោសនេះត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ទោសសល់ពីនេះ ត្រូវព្យួរ និងពិន័យជាប្រាក់ ចំនួន ៤ លានរៀល ពីបទ៖ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ » ប្រព្រឹត្តនៅចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រាa ៨៣ កថាខណ្ឌទី២ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
សាលាដំបូងរាជធានីភ្នំពេញ បានពន្យល់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តុលាការបានពិចារណាលើអំពើប្រព្រឹត្ត និងការទទួលខុសត្រូវរបស់ជនជាប់ចោទតាមកម្រិតទោសដែលមាន កំណត់ក្នុងច្បាប់ និងការទទួលខុសត្រូវចំពោះជនរងគ្រោះ, ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់, ស្ថានភាពរបស់ ជនជាប់ចោទដែលស្ថិតក្នុងវ័យចាស់, មានជំងឺប្រចាំកាយ និងស្មារតីភ្ញាក់រលឹកទទួលស្គាល់កំហុស, ចៅក្រមជំនុំជម្រះបានសម្រេចផ្តន្ទាទោស ជនជាប់ចោទ ជាប់ចោទពីបទ៖ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ដែលកម្រិតទោសក្នុងច្បាប់កំណត់ ពី ១ឆ្នាំ ទៅ ៣ឆ្នាំ។ ជនជាប់ចោទមានអត្រាជាតិអាល់កុល ០.៣៥Mg/L (យោងតាមរបាយការណ៍របស់សមត្ថកិច្ច) ដែលស្ថិតនៅក្រោមច្បាប់ហាមឃាត់ (អត្រាជាតិអាល់កុលចាប់ពី ០.៤០Mg/L ឡើងទៅ)»។
បន្ថែមលើនេះ សាលាដំបូងពន្យល់ទៀតថា «ដោយសារជនជាប់ចោទមានវ័យចាស់ ស្ថិតក្នុងស្ថានភាពមានជំងឺទឹកនោមផ្អែម និងលើសឈាម»។ ជនរងគ្រោះទាំងអស់ បានដកពាក្យបណ្តឹង និងបានព្រមព្រៀងទទួលសំណងរដ្ឋប្បវេណី។ ទើបតុលាការបានសម្រេចផ្តន្ទាទោស ៣ឆ្នាំ គឺក្នុងកម្រិតអតិបរមានៃទោសតែបានឱ្យអនុវត្តទោសក្នុង ពន្ធនាគារ ១ឆ្នាំ ទោសនៅសល់ ២ឆ្នាំ ឱ្យព្យួរ ដោយដាក់នូវកាតព្វកិច្ចមួយចំនួន រួមទាំងបានប្រកាសទោសពិន័យ ជាប្រាក់ចំនួន ៤លានរៀល និងបានប្រកាសទោសបន្ថែមហាមឃាត់ការបើកបរក្នុងរយៈពេល ៥ឆ្នាំ។
ចំពោះការសម្រេច ឱ្យអនុវត្តព្យួរទោសមួយផ្នែកនេះ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា គឺធ្វើឡើងស្របតាមលក្ខខណ្ឌ និងបទប្បញ្ញត្តិច្បាប់ជាធរមាន។ បច្ចុប្បន្ន ជននេះកំពុងជាប់ឃុំបន្តការអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ៕


