2025-10-15 21:02
21

ភ្នំពេញ៖ ចរន្តនៃក្រុមជ្រុលនិយមថៃ បាននិងកំពុងទិតៀន វាយប្រហារយ៉ាងចាស់ដៃទៅលើលោកស្រីសមាជិកព្រឹទ្ធសភាថៃ Angkhana Neelapaijit រហូតដាក់សម្ពាធឲ្យលោកស្រីលាលែងចេញពីសមាជិកព្រឹទ្ធសភាទៀតផង ដោយចោទប្រកាន់ថាគាត់មានបេះដូងជាខ្មែរក្នុងការរិះគន់កន្លងមកទៅលើក្រុមទាហានថៃបើកដៃឲ្យបុគ្គល កាន់ ចម ផាឡាំង ប្រើសំឡេងរំខាន បំភិតបំភ័យ យាយីផ្លូវចិត្តដល់ប្រជាជនខ្មែរដែលរស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ បានធ្វើឲ្យប៉ះពាល់មុខមាត់ប្រទេសថៃ នៅលើឆាកអន្តរជាតិ។ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ។

លោក កែវ រ៉េមី បានលើកឡើងថា ជាការពិតណាស់ អ្វីដែលលោកស្រី Angkhana Neelapaijit បានប្រតិកម្ម មិនមែនគាំទ្រដល់ខ្មែរនោះទេ តែផ្ទុយទៅវិញ គឺគាត់បាននិងកំពុងលើកមុខមាត់ឲ្យរាជរដ្ឋាភិបាលថៃ នៅលើឆាកអន្តរជាតិបានបង្ហាញថានៅក្នុងប្រទេសថៃ នៅមានបញ្ញវ័ន្តចេះដឹងខុសត្រូវ នៅមានអ្នកជំនាញច្បាប់ជាតិ ច្បាប់អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស។ 

មុនពេលលោកស្រីប្រតិកម្ម មិត្តភ័ក្តិអន្តរជាតិទាំងឡាយនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្រៅស្រុកបាននិយាយប្រាប់ខ្ញុំថា៖ «ការយល់ដឹងរបស់ទាហានថៃ និងនាយករដ្ឋមន្ត្រីថៃ ដូចកូនក្មេងបៀមដៃ គ្មានការយល់ដឹងពីច្បាប់អន្តរជាតិទាល់តែសោះ មិត្តអឺរ៉ុបខ្លះទៀតនិយាយថាសមត្ថភាពនាយករដ្ឋមន្រ្តីថៃ ដែលមិនកើតចេញពីឆន្ទ:រាស្ត្រមើលទៅមានកម្រិត»

«ដោយឡែកសម្រាប់ខ្លួនលោកផ្ទាល់ នៅពេលដែលបានឃើញការលើកឡើងរបស់លោកស្រីសមាជិកព្រឹទ្ធសភាថៃ និងឥស្សរជនថៃដទៃទៀត បានធ្វើឲ្យខ្ញុំមានការផ្លាស់ប្តូរនូវទស្សន: ផ្ទាល់ខ្លួនមួយចំនួនដោយយល់ថាប្រទេសថៃនៅមាន និងសម្បូរអ្នកចេះដឹងបើទោះជាអ្នកខ្លះហ៊ាននិយាយ ឬអ្នកខ្លះទៀត មិនហ៊ាននិយាយក៏ដោយក៏ពួកគេមិនឯកភាពនូវទង្វើថោកទាបនេះដែរ»។ នេះជាការបញ្ជាក់របស់លោក កែវ រ៉េមី។ 

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្ថែមទៀតថា រាល់ការនិយាយស្តីរបស់លោកៗត្រូវមានការប្រុងប្រយត្ន័ជាងមុនត្រូវបែកចែកឲ្យច្បាស់ចំពោះក្រុមជ្រុលនិយម និងមិនជ្រុលនិយម។ ទង្វើព្រៃផ្សៃរបស់ក្រុមជ្រុលនិយមមិនឆ្លុះបញ្ចាំងនូវសង្គមថៃទាំមូលនោះទេ។ លោកដឹងច្បាស់ថាគាត់ជាជនជាតិថៃ ច្បាស់ណាស់គាត់មិនបម្រើផលប្រយោជន៍ឲ្យជាតិសាសន៍ដទៃជាងជាតិសាសន៍របស់គាត់នោះទេ។ ការទិតៀនប្រតិកម្មតបរបស់ក្រុមគាំទ្រដោយទាហានថៃ និងរាជរដ្ឋាភិបាលថៃប្រៀបបីដូចកូនសត្វស្លាបមួយក្បាលដែលមិនបានដឹងពីគំនិតរបស់សត្វឥន្រ្ទី។

មូលហេតុអ្វីបានជា លោកកោតសរសើរ លោកស្រី Angkhana ពីព្រោះប្រទេសកម្ពុជា ត្រូវការអ្នកជិតខាងល្អ ត្រូវការមនុស្សល្អមានការយល់យោគគ្នា រួមគ្នារក្សានូវសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនៅតាមព្រំដែន កម្ពុជា-ថៃ។ ការបាត់បង់លោកស្រីព្រឹទ្ធសភា Angkhana Neelapaijit គឺជាការបាត់បង់នូវធនធានដ៏កម្ររបស់ប្រទេសថៃ៕