
ភ្នំពេញ៖ បញ្ញាវ័ន្តរបស់ប្រទេសថៃម្នាក់ទៀត បានចេញមកទទួលស្គាល់ថា «ការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែនកម្ពុជាថៃ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់ប្រទេសថៃ» ដែលការណ៍នេះបានធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើឆាកអន្តរជាតិ។
នេះ គឺបុគ្គលទី៣ ហើយបន្ទាប់ពីលោកស្រី Angkhana Neelapaijit និងឧត្តមមន្រ្តីនៃការិយាល័យមហាអយ្យការប្រទេសថៃ។
នៅថ្ងៃទី១៤ ខែតុលានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានឱ្យដឹងថា ក្រោយពី គ.ស.ម.ក. បានដាក់ញ្ញត្តិបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លើករណីការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ គឺជាបុគ្គលទី៣ បន្ទាប់ពីលោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ និងឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ ដែលបានទទួលស្គាល់ថា «ទង្វើទាំងនេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែល ឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។ ការណ៍នេះ បានធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើ ឆាកអន្តរជាតិ ចំពោះសកម្មភាពរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
គ.ស.ម.ក. បានដកស្រង់ខ្លឹមសារ របស់លោក Sunai Phasuk ដែលបានលើកឡើងថា “ការប្រើប្រាស់ធុងបាស់ ក្នុងការបន្លឺសំឡេងកណ្ដឹង និងយន្តហោះ ដោយបុគ្គលឈ្មោះ កាន់ ចម ផាលាំង (Kan Jom Phalang) គឺជាប្រតិបត្តិការខាងផ្លូវចិត្ត ដែលពាក់ព័ន្ធនឹងសំឡេងក្នុងការធ្វើទារុណកម្ម រំលោភសិទ្ធិមនុស្ស ច្បាប់អន្តរជាតិ (ជាពិសេសអនុសញ្ញាប្រឆាំងទារុណកម្ម) និងច្បាប់របស់ប្រទេសថៃ”។
លោក Sunai បានលើកឡើងទៀតថា “គោលបំណងចម្បង គឺការបង្កើនសំឡេងឆ្លងកាត់បន្លាលួសឆ្ពោះទៅសហគមន៍ប្រជាជនកម្ពុជា ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយញុះញ៉ង់ គំរាម កំហែង និងការបង្កើតភាពភ័យខ្លាចដល់ប្រជាជនកម្ពុជា ការយករថយន្តដែលបំពាក់ដោយគ្រឿងបំពងសំឡេងទៅចតនៅក្នុងតំបន់ច្បាប់អជ្ញាសឹក ជាកន្លែង ដែលគ្មានអ្នកណាចូលបានតាមអំពើចិត្ត ជាពិសេសនៅពេលយប់ ទោះបីជាអ្នកប្រព្រឹត្តិមិនមែនជាអ្នកមានតួនាទីក៏ដោយ ហេតុអ្វីបានជាកងទ័ពមិនរារាំង នៅធ្វើមិនដឹងមិនឮបែបនេះ”។
សូមបញ្ជាក់ថា សកម្មភាពចាក់បំពងសំឡេងខ្មោច ឆ្កែព្រុស ឆ្កែលូ សំឡងយន្តហោះ បញ្ចាំងភាពយន្ត បានបន្លឺសំឡងខ្លាំងរំខានដំណេកធ្វើឱ្យជនស៊ីវិលកម្ពុជា នៅតំបន់មានភាពតានតឹង តំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានការភ័យខ្លាច ជាពិសេសជនងាយរងគ្រោះ ដូចជា ចាស់ជរា ជនពិការ កុមារ ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺ បានកើតមានជាប់ៗរយៈពេលជាច្រើនយប់ ដែលទង្វើអមនុស្សទាំងអស់នេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិតែម្តង៕


