2025-10-13 15:45
9

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្រ្តីការពារជាតិបីប្រទេស និងពិធីបិទ «លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃចន្ទ ទី១៣ ខែតុលានេះ នាយឧត្តមសេនីយ៍ ទៀ សីហា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ តបតាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន រដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ដើម្បីធ្វើទស្សនកិច្ចចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស និងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រដ្ឋធានីវៀងច័ន្ទន៍។

ការអញ្ជើញចូលរួមកិច្ចប្រជុំ របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបញ្ជាក់ជាថ្មីម្តងទៀត នូវចំណងមិត្តភាព សាមគ្គីភាព ដ៏យូរអង្វែង និងការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា នៃកងយោធពលខេមរភូមិន្ទ រវាងកងទ័ពប្រជាជនឡាវ និងកងទ័ពប្រជាជនវៀតណាម សំដៅបង្កើននូវទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយគ្នាទៅវិញទៅមក ឱ្យកាន់តែស៊ីជម្រៅរឹងមាំបន្ថែមទៀត ស្របគ្នានេះដែរ ក៏ចូលរួមការពារ ថែរក្សានូវ សន្តិសុខ សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ប្រកបដោយចីរភាព និងសាមគ្គីភាព មិត្តភាព សម្រាប់តំបន់ និង សកលលោកទាំងមូល៕