
កំពង់ធំ៖ គណៈកម្មការគ្រប់គ្រងគម្រោងឃុំបារាយណ៍ បានរកឃើញថា «អ្នកទទួលការស្ថាបនាផ្លូវប៉េតុងគម្រោងអភិវឌ្ឍន៍ឃុំ គឺលោក សង ណាគី ពុំបានអនុវត្តស្របតាមលក្ខណៈបច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ដើម្បីធានាបានគុណភាពផ្លូវនោះទេ»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការគ្រប់គ្រងគម្រោងឃុំបារាយណ៍ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ។
គណៈកម្មការគ្រប់គ្រងគម្រោងឃុំបារាយណ៍ ស្រុកបារាយណ៍ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ការអនុវត្តគម្រោងមូលនិធិឃុំឆ្នាំ២០២៥” បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មការគ្រប់គ្រងគម្រោងឃុំបារាយណ៍ ដឹកនាំដោយ លោក អៀន ឆេងហ៊ន ជាសមាជិកគណៈកម្មការគ្រប់គ្រងគម្រោងឃុំ លោក ប៉ែន សុវណ្ណនី ដែលជាមន្ត្រីជួយគាំទ្របច្ចេកទេស និងមន្ត្រីរដ្ឋបាលស្រុកបារាយណ៍ បានចុះពិនិត្យជាក់ស្តែងនៅការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ដែលមានប្រវែង ៨២២ ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិសំរោង ឃុំបារាយណ៍ ឃើញថា “អ្នកទទួលការ គឺលោក សង ណាគី ពុំបានអនុវត្តស្របតាមលក្ខណៈបច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា”។
ពាក់រឿងនេះគណៈកម្មការគ្រប់គ្រងគម្រោងឃុំ បារាយណ៍ក៏បានធ្វើកំណត់ហេតុណែនាំអ្នកទទួលការឱ្យអនុវត្តស្របទៅតាមលក្ខខណ្ឌនៃកិច្ចសន្យា ដើម្បីធានាបាន គុណភាពផងដែរ៕


