2025-09-13 15:13
85

ស្វាយរៀង៖ ជនជាតិចិន ០១ក្រុម មានគ្នាចំនួន ០៦ នាក់ បានធ្វើសកម្មភាពវាយ និងរឹក.ក លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដើម្បីប្លន់យករថយន្តកាម៉ារីឆ្លាម ០១ គ្រឿង បានសម្រេចដោយសុវត្ថិភាព រួចរត់គេចខ្លួន និងបានយករថយន្តទៅប្លុងចោលនៅខាងមុខកាស៊ីណូ «ថាយ ថិន» ក្រុងបាវិត។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៤និង១០នាទី ព្រឹកទៀបភ្លឺ តាមបណ្តោយផ្លូវកៅស៊ូ ស្ថិតនៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ជនរងគ្រោះមានឈ្មោះ អ៊ុក ផេត មានតួនាទីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។

តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ លោកវរសេនីយ៍ត្រី អ៊ុក ផេត បានបើករថយន្តឆ្លាមឆ្លាម សេរីឆ្នាំ១៩៩៨ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2J.0624 ចេញពីប៉ុស្តិ៍ម្នាក់ឯង និងបានជួបជាតិចិន ចំនួន ០៦ នាក់ កំពុងតែដើរតាមផ្លូវ ក៏ឈប់រថយន្តចុះទៅសួរនាំជនជាតិចិនទាំងនោះ។ ភ្លាមៗនោះ លោកមេប៉ុស្តិ៍ ត្រូវបានជនជាតិចិនចាប់ក្រៀក និងច្របាច់.ក ដណ្តើមយកសោររថយន្តបើករថយន្តគេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុ លោកអធិការនគរបាលស្រុកស្វាយជ្រំ កម្លាំងនគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវ និងឆែកកាំម៉ារ៉ាតាមដងផ្លូវ រហូតប្រទះឃើញរថយន្តរបស់លោកមេប៉ុស្តិ៍ត្រូវក្រុមចោរយកទៅចតចោលនៅមុខកាស៉ីណូ «ថាយ ថិន» ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ហើយជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងស្វែងរកជនសង្ស័យដោយពន្លាតទឹកដី ទៅខេត្តព្រះសីហនុ ដើម្បីឃាត់កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕