
សាំងហ្គាពួ៖ កាលពីឆ្នាំ១៩៦៥ ក្រោយប្រទេសសាំងហ្គាពួទទួលបានឯករាជ្យភ្លាមៗប្រទេសនេះ ជាប្រទេសតូច និងក្រីក្រ សូម្បីតែចំនួនប្រជាជនក៏មានចំនួនតិច និងជួបការ លំបាកខ្លាំង។ ប៉ុន្តែយើងក្រឡែកមកមើលពេលបច្ចុប្បន្ននេះវិញ ប្រទេសតូចមួយនេះក្លាយជាប្រទេសអ្នកមាន និងមានភាពរីកចម្រើនស្ទើគ្រប់វិស័យ ពិសេសបានពង្រឹងវិស័យការពារជាតិរបស់ខ្លួនយ៉ាងរឹងមាំ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ធ្វើឲ្យបណ្ដាប្រទេសធំៗនៅជិតខាងមិនហ៊ានប៉ះឡើយព្រោះខ្លាចរលាក។
ជាស្ដែងយោងតាមការចេញផ្សាយដោយសារព័ត៌មានឌីហ្វេនមីរ័ បានឲ្យដឹងថា ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសាំងហ្គាពួ លោក Chan Chun Sing បានបញ្ជាក់សារជាថ្មីអំពីបំណងរបស់ប្រទេសជាតិក្នុងការទិញយន្តហោះចម្បាំង F-35 ចំនួន ២០គ្រឿងបន្ថែមទៀត ដើម្បីពង្រឹងវិស័យការពារជាតិផ្នែកកងព័ទ្ធអាកាសរបស់ខ្លួន ដោយគ្រោងត្រៀមនិងដឹកជញ្ជូននៅចុងឆ្នាំ២០២៦ខាងមុខ។រដ្ឋមន្ត្រីក្រសួងការពារជាតិសាំងហ្គាពួ នៅថ្ងៃទី១២ ខែកញ្ញានេះ បានអញ្ចើញទៅទស្សនាដោយផ្ទាល់នៅរោងចក្រផលិតយន្តហោះ F-35 របស់ក្រុមហ៊ុន Lockheed Martin នៅទីក្រុង Fort Worth រដ្ឋតិចសាស់ ជាកន្លែងដែលផលិតយន្តហោះដែលសាំងហ្គាពួបានបញ្ជារទិញ។ ក្នុងដំណើរទស្សនៈកិច្ចនេះមានមានការអមដំណើរដោយអគ្គមេបញ្ជាការកងទ័ពអាកាស ឧត្តមសេនីយ៍ឯក Kelvin Fan និងបានស្តាប់ការធ្វើបទបង្ហាញសង្ខេបអំពីកម្មវិធីរបស់យន្តហោះចម្បាំង F- 35 រួមទាំងសមត្ថភាពរបស់វា និងដំណើរវិវត្តន៍ក្នុងការផលិត។
ក្រសួងការពារជាតិសាំងហ្គាពួ (Mindef) បាននិយាយថាការបញ្ជាទិញនេះ គឺជាផ្នែកមួយ នៃផែនការរយៈពេលវែង របស់កងកម្លាំងប្រដាប់អាវុធសាំងហ្គាពួ ដើម្បីពង្រឹងវិស័យការពារជាតិ កងនាវាចម្បាំងឲ្យកាន់តែរឹងមាំ។ កងទ័ពអាកាសនៃសាធារណរដ្ឋសាំងហ្គាពួ នឹងរួមបញ្ចូលគ្នានៃ F-35As, F-35Bs និង F-15SGs ដើម្បីការពារលំហអាកាសជាតិ និងបំពេញតម្រូវការក្នុងការធ្វើប្រតិបត្តិការទ័ពអាកាស។
ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិករបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសាំងហ្គាពួ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់១៣ ខែកញ្ញានេះ ក៏ពាក់ព័ន្ធនឹងអន្តរកម្មជាមួយកងកម្លាំងប្រដាប់អាវុធសាំងហ្គាពួ ដែលចូលរួមក្នុងការធ្វើសមយុទ្ធ Forging Saber 2025 នៅ Mountain Home Air Force Base នៃរដ្ឋអាយដាហូ ( Idaho ) ។
សូមរំលឹកដែរថា ៖ យោងតាមសំដីរបស់លោកលីខ្វាន់យូ (Lee Kuan Yew) ដែលជា នាយករដ្ឋមន្ត្រីដំបូងបង្អស់របស់ប្រទេសសាំងហ្គាពួ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោករហូតទល់សព្វថ្ងៃនេះបាននិយាយថា៖ « នៅក្នុងពិភពលោកមួយដែលត្រីធំស៊ីត្រីតូច ហើយត្រីតូចស៊ីកំពឹស នោះ សាំងកាពួរត្រូវតែក្លាយជាកំពឹសដែលមានជាតិពុល ដោយសារតែប្រទេសសាំងកាពួរជាប្រទេសតូច ហើយត្រូវបានយាយី ត្រូវបានសម្លុត និងត្រូវបានគម្រាមវាយប្រហារពីប្រទេសធំៗ ដែលនៅជិតខាងខ្លួន។ ដូច្នេះហើយទើបប្រទេសសាំងកាពួរពង្រឹងវិស័យការពារជាតិរបស់ខ្លួន រហូតបានក្លាយជាប្រទេសដែលមានកងទ័ពជើងទឹក និងកងទ័ពជើងអាកាសខ្លាំងជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយមកដល់ពេលនេះ សាំងកាពួរក៏បានក្លាយជាកំពឹសដែលមានជាតិពុល ហើយគ្មានប្រទេសធំណាហ៊ានស៊ីកំពឹសសាំងកាពួរទេ។ ចំនុចនេះជាការសបញ្ជក់ឲ្យឃើញថា សាំងហ្គាពួរ ជាប្រទេសតូច តែវិស័យការពារជាតិខ្លាំង។

