2025-09-11 12:18
8

ថៃ៖ ការរញ្ជួយដីកម្រិត 4.7 រ៉ិចទ័រ នៅជិតប្រទេសវៀតណាម ត្រូវបានគេរកឃើញនៅភាគខាងកើតនៃខេត្ត Ubon Ratchathani ប្រទេសថៃ។ នេះបើតាមការចេញផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៥។ 

នៅវេលាម៉ោង 01:36 នាទីចូលព្រឹកថ្ងៃទី 11 ខែកញ្ញា នេះ នាយកដ្ឋានសង្កេតការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃ បានរកឃើញព្រឹត្តិការណ៍រញ្ជួយដីកម្រិត 4.7 នៅជម្រៅ 2 គីឡូម៉ែត្រ ដោយចំណុចកណ្តាលរបស់វាមានទីតាំងនៅប្រទេសវៀតណាមនៃកូអរដោនេ 14.999 ° N, 108.073 ° E ។

ចំណុចកណ្តាលនៃការរញ្ជួយដីនេះស្ថិតនៅចម្ងាយប្រហែល 346 គីឡូម៉ែត្រ ភាគខាងកើតនៃស្រុក Muang ខេត្ត Ubon Ratchathani ប្រទេសថៃ។

ខណៈពេលនេះ អាជ្ញាធរថៃ កំពុងជំរុញឲ្យសាធារណជនមានការប្រុងប្រយ័ត្ន និងតាមដានការជូនដំណឹងព័ត៌មានថ្មីៗ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ប្រទេសថៃ ធ្លាប់រងគ្រោះរញ្ជួយដីដ៏កំណាចរួចមកហើយ នៅទីក្រុងបាងកក ដោយបានសម្លាប់មនុស្សជាង 1០០ នាក់ និងបណ្ដាលឲ្យមនុស្សរាប់សិបនាក់រងរបួស រួមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងប្រទេសនេះថែមទៀតផង៕