2025-09-11 20:07
12

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដកម្ពុជា-ចិន ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាង វីនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រីក្រសួងការងារ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការប្រកួតជំនាញកម្រិតពិភពលោកនេះដែលមិនត្រឹមតែផ្ដល់វេទិកាជូនសិស្ស-និស្សិត ដើម្បីបង្ហាញពីសមត្ថភាពជំនាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកមួយដ៏សំខាន់សម្រាប់លើកកម្ពស់គុណភាពការអប់រំបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ជំរុញការសិក្សាស្រាវជ្រាវ, ការច្នៃប្រឌិត, ឱកាសពង្រឹងចំណេះដឹង និងជំនាញ, និងការអនុវត្តជាក់ស្ដែងផងដែរ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីជឿជាក់ថា ការប្រកួតប្រជែងនេះ នឹងទាក់ទាញយុវជនឱ្យស្រលាញ់នូវជំនាញបច្ចេកទេស និងការច្នៃប្រឌិតផ្សេងៗ ដោយនឹងអាចជួយបង្កើនស្ដុកធនធានជំនាញវ័យក្មេង, ជំរុញការរួមបញ្ចូលគ្នានៃឧស្សាហកម្ម និងការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាបង្កើតឱ្យមានវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការជំនាញ ព្រមទាំងការផ្លាស់ប្ដូរវប្បធម៌។

លោករដ្ឋមន្ត្រីបានសំដែងនូវការសាទរ និងវាយតម្លៃខ្ពស់ចំពោះការប្រកួតប្រជែងដ៏សំខាន់ទាំង ៣ រួមមាន៖ ទី១.ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ។ ២. បច្ចេកវិទ្យាព័ត៌មានជំនាញថ្មី និង ទី៣. ការផលិតឧបករណ៍វៃឆ្លាត គឺសុទ្ធតែជំនាញមានតម្រូវការខ្ពស់ និងមានភាពចាំបាច់ក្នុងការអភិវឌ្ឍឧស្សាហកម្ម ដែលជួយជំរុញដល់ការអភិវឌ្ឍេសេដ្ឋកិច្ចជាតិ។

សូមរំលឹកថា កម្មវិធីប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ត្រូវបានរៀបចំឡើង ចាប់តាំងពីឆ្នាំ២០០៨ ក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជនបានបង្ហាញសមត្ថភាពក្នុងការបង្កើតថ្មី, បង្ហាញពីមិត្តភាពរឹងមាំជាសកលក្នុងកិច្ចសហប្រតិបត្តិការ និងអនាគត ឈ្នះ-ឈ្នះ រួមគ្នា, បង្ហាញឱ្យឃើញនូវការខិតខំជំរុញ និងបង្កើនសមត្ថភាពនិស្សិតឱ្យក្លាយជាយុវជនឆ្នើម, ដឹកនាំឱ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរ លើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរជាលក្ខណៈអន្តរជាតិ។

សម្រាប់កម្មវិធីប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ មានបេក្ខជនចូលរួម សរុបចំនួន ៦០ ក្រុម ក្នុងនោះប្រទេសកម្ពុជា ចំនួន ៤០ ក្រុម ដែលរួមមានវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស និងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ប្រទេសឥណ្ឌូនេស៊ី ចំនួន ១០ ក្រុម, ប្រទេសហ្វីលីពីន ចំនួន ០៣ ក្រុម, ប្រទេសម៉ាឡេស៊ី ចំនួន ០៣ ក្រុម និងប្រទេសថៃ ចំនួន ០៤ក្រុម៕