2025-09-01 16:55
12

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយ លោក វ៉ាង ហូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក។

ក្នុងជំនួបនោះ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានគាំទ្រចំពោះការបង្កើនកិច្ចប្រឹងប្រែង ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវបទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនតាមរយៈយន្តការទ្វេភាគីកម្ពុជា-ថៃ

ក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសម្តែងការគួរសមជាមួយ លោក វ៉ាង ហូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូក ចាប់ពីថ្ងៃទី ៣១ សីហា ដល់ថ្ងៃទី ១ កញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់កិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏ល្អចំពោះគណៈប្រតិភូកម្ពុជា។ ថ្នាក់ដឹកនាំ ទាំងពីរបានសម្តែងនូវទំនុកចិត្តថា លទ្ធផលនៃជំនួបប្រកបដោយខ្លឹមសារ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ លោកប្រធានាធិបតី ស៊ី ជើងពឹង កាលពីមួយថ្ងៃមុននេះ ព្រមទាំងការព្រមព្រៀងគ្នាជាឯកឆន្ទក្នុងឱកាសដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ របស់ លោកប្រធាaនាធិបតីចិន នៅប្រទេសកម្ពុជា កាលពីខែមេសាឆ្នាំនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងមិត្តភាពដែកថែប និងភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងចិន ដើម្បី «សន្តិភាព និងការអភិវឌ្ឍ»។

ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយលោក វ៉ាង ហូនឹង បានសម្តែងការគាំទ្រចំពោះការបង្កើនកិច្ចប្រឹងប្រែង ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា និងការរិះរកនូវដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែន តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ស្របតាមច្បាប់អន្តរជាតិ។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងជាថ្មីនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ របស់កម្ពុជាចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានគាំទ្រ យ៉ាងខ្ជាប់ខ្ជួនដល់កម្ពុជា ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការពារសន្តិភាព ស្ថិរភាព និងឯករាជ្យជាតិ។

នៅថ្ងៃដដែលនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួប លោក ជិន លីគុណ ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។ កិច្ចពិភាក្សាបានគ្របដណ្តប់លើលទ្ធភាពគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គមធំៗរបស់កម្ពុជា ដែលអាចរប្រើប្រាស់ហិរញ្ញប្បទាន ក្រោមកម្មវិធីពហុឆ្នាំ របស់ធនាគារ AIIB៕