2025-09-01 16:08
9

កំពង់ស្ពឹ៖ ក្នុងដំណើរចុះសាកសួរសុខទុក្ខ និងពាំនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួរសារវីរកងទ័ពនៅខេត្តកំពង់ស្ពឺ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា៖ «គិតត្រឹមថ្ងៃទី០១ កញ្ញានេះ គឺមានរយៈពេលលើស៣ខែមកហើយដែលស្ថានភាពកម្ពុជា-ថៃ បានអូសបន្លាយមិនទាន់ចប់»

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រយៈប្រហាក់ប្រហែលគ្នានេះដែរ ក៏ជាការធ្វើដំណើររបស់កងកម្លាំងរបស់យើងទៅជួរមុខឈរជើងដ៏រឹងមាំក្នុងបេសកកម្មការពារបូរណភាពដែនដី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះក្រុមគ្រួសាររបស់បងៗកងកម្លាំងក៏នៅតែបន្តតាមដាន គិតគូរដល់សុខទុក្ខ ហើយរំពឹងរង់ចាំការវិលត្រឡប់ របស់ពួកគាត់មកផ្ទះវិញផងដែរ។ 

លោក ហ៊ុន ម៉ានី បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ជូនដល់ក្រុមគ្រួសារវីរកងទ័ពដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងអស់។ ក្នុងពេលតែមួយក៏បានបង្ហាញនៅការគោរពអរគុណចំពោះ ពលីកម្ម ការលះបង់ និងភាពអង់អាចក្លាហានរបស់វីរកងទ័ពយើងដែលបានបំពេញបេសកកម្មការពារទឹកដីរបស់យើង។

ក្នុងនោះ ក៏សូមឱ្យពួកគាត់មានការជឿជាក់លើថ្នាក់ដឹកនាំ ជាពិសេស សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបញ្ចប់ជម្លោះទាំងស្រុងដែលនឹងអនុញ្ញាតឱ្យកងទ័ព ដែលជាឪពុក ជាប្តី ជាកូនអាចវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព៕