2025-08-22 14:12
14

ភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ជា «ឧកញ៉ា» ជនត្រូវចោទឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការបញ្ចប់គោរមងារនេះ ក្រោយអតីតឧកញ៉ាលក់ឡេរូបនេះ បន្ទាប់ពីជាប់ចោទ ពីបទ៖ «ញុះញុងឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព»។ 

ក្រៅពីនោះមន្ដ្រីជំនាញធ្វើតេស្តរកឃើញមានផលិតផល ចំនួន ៤ មុខ របស់ក្រុមហ៊ុនលក់ផលិតសម្អាង យីហោ «Love Riya» មានផ្ទុកសារធាតុហាមឃាត់ (បារ៉ត) លើសនាំឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។

សូមជម្រាបថា អតីតឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ដែលជាអ្នជំនួញអនឡាញលក់ផលិតកែសម្ផស្ស និងសម្អាង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្តាល ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ស្ថិតក្នុងភូមិគ្រឹះ បុរី ML ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល តាមបញ្ជារបស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល។ 

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៥ បានសម្រេចចោទប្រកាន់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ភេទស្រី អាយុ ៤០ឆ្នាំ ពីបទ៖ «ញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព» ប្រព្រឹត្តនៅចំណុច បុរី ML ស្ថិតនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ កាលពីថ្ងៃទី០៦ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤៧២ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ និងបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា អ្នកលក់ឡេ លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ជា «ឧកញ៉ា» នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ គិតមកត្រឹមថ្ងៃបញ្ចប់គោរមងារវិញ គឺមានរយៈ១ឆ្នាំ ១៩ថ្ងៃគត់៕