2025-08-06 13:35
6

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា៖ «ស្ថានភាពនៅតំបន់អានសេះ កំពុងស្ថិតនៅក្រោមការឃ្លាំមើល ដោយប្រុងប្រយ័ត្នខ្ពស់បំផុតដោយកងកម្លាំងកម្ពុជា ដើម្បីពង្រឹងការអនុវត្តតាមស្មារតីបទឈប់បាញ់ ដែលកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ»។ 

អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេញ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកស្រីឧត្តមសេនីយ៍ឯក បានថ្លែងថា៖ «ស្ថានភាពព្រំដែនកម្ពុជា-ថៃ នាព្រឹកនេះ មានសភាពស្ងប់ស្ងាត់។ ដោយឡែកនៅតំបន់អាសេះ ក្រោយពេលដកបន្លាលួស ពេលនេះកំពុងស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់របស់ភាគីកម្ពុជា»។ 

អ្នកនាំពាក្យបានរំលឹកឡើងវិញអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ដោយក្នុងនោះមានដូចជា៖ ទី១៖ បញ្ឈប់ការបាញ់គ្នា, ទី២៖ មិនឱ្យមានការចល័ត ឬបន្ថែមទ័ព, ទី៣៖ កងទ័ពប្រទេសទាំងពីរដែលឈរជើងកន្លែងណាត្រូវនៅកន្លែងនោះរាប់តាំងពីបទឈប់បាញ់ចូលជាធរមាន និង ទី៤៖ ត្រូវបង្កើតក្រុមការងារទំនាក់ទំនងដើម្បីធ្វើការជាមួយគ្នា។

អ្នកនាំពាក្យថ្លែងថាថា តាមរយៈការពុះពារ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ និងមិនប្រែប្រួលនូវជំហររបស់រាជរដ្ឋាភិបាល រួមជាមួយកងកម្លាំងប្រដាប់អាវុធក្នុងការគោរពអនុវត្តយ៉ាងពេញលេញ និងស្មោះត្រង់ នូវលក្ខខណ្ឌបទឈប់បាញ់ ដើម្បីឆ្ពោះទៅធ្វើឱ្យប្រសើរឡើងនូវស្ថានភាពឱ្យឆាប់រហ័ស។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា  បានបញ្ជាកក់ថា៖ «កងកម្លាំងកម្ពុជាគាំទ្រនូវជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី។ កម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ និងពុះពារលះបង់យ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបាន»៕