2025-08-06 11:02
10

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ បានធ្វើការបដិសេធ និងច្រានចោលនូវពាក្យចចាមអារ៉ាម ឬ ព័ត៌មានដែលថា «រដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ព័ត៌មាននេះគឺ មិនពិតទេ»។ 

ស្ថានទូតជប៉ុន បានបញ្ជាក់ថា៖«រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ។ ជំនួយរបស់ប្រទេសជប៉ុនត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជម្លោះអន្តរជាតិ។ យើងខ្ញុំសូមថ្លែងអំណរគុណទុកជាមុននូវការមិនផ្សព្វផ្សាយ និងចែកចាយ ព័ត៌មានក្លែងក្លាយ»។

រដ្ឋាភិបាលជប៉ុនចាត់ទុកថា ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ និងការស្តារឡើងវិញនូវសន្តិភាព ឱ្យបានឆាប់មានសារៈសំខាន់ខ្លាំងណាស់។ យើងសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងអាចវិលទៅរកជីវភាពប្រចាំថ្ងៃដោយសុខសាន្តឱ្យបានឆាប់៕