2025-08-04 19:23
23

ភ្នំពេញ៖ សម្តេចតេជោសែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយ៥ បានបង្ហោះសារ នាព្រលប់ថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ នេះថា ព្រឹកមិញកាសែតថៃ បានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថា «សម្តេចធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញសម្តេចបានចូលរួមបញ្ជាកងទ័ព»។ 

ជុំវិញមតិលើកឡើងរបស់ក្រុមជ្រុលនិយមថៃនេះ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ»។

សម្តេចតេជោសែន បញ្ជាក់បន្ថែមឱ្យភាគីថៃភ្លឺភ្នែកថា៖ «សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា ដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើ និងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។ ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ព រហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា?»។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ»

សម្តេចតេជោបន្ថែមថា បទពិសោធធ្វើនាយករដ្ឋមន្ត្រី ជាង ៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជាគ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាល ជាមួយកងទ័ពនោះឡើយ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព។

សូមជម្រាបថា ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែង យ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនង ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕