2025-08-04 18:36
20

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ប្រគល់សិទ្ធពេញជូន សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ «ផ្កាយមាស៥» និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកិច្ចការកងទ័ព និងកិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីកម្ពុជា។

ព្រះរាជសាររបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា៖ «ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែង យ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនង ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា»។

ឆ្លៀតឱកាសនេះ ព្រះករុណាបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរដ៏ក្រៃលែង ចំពោះវីរភាព ដ៏អង់អាច់ ក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន នៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និង ការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅ ទូទាំងប្រទេស ដែលបានរួបរួមជាកម្លាំងសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិយោធា សមរភូមិការទូត សមរភូមិនយោបាយ និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យ ជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង។