2025-07-21 11:07
136

ភ្នំពេញ៖  មន្ត្រីនគរបាលខណ្ឌព្រែកព្នៅ ០១រូប គឺលោកវរសេនីយ៍ទោ ជឿន សារួន អត្តលេខ ៨៣៨១២ មានតួនាទីជា «អធិការរង» នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបានស្នើសុំគោលការណ៍ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម ក្រោមរូបភាពបណ្តេញចេញពីក្រមខ័ណ្ឌ ដោយសារមូលហេតុល្មើសនឹងវិន័យកងកម្លាំងនគរបាលជាតិអវត្តមានមិនបានមកបំពេញភារកិច្ចនៅអង្គភាពច្រើនថ្ងៃ។

នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ កាលពីពេលថ្មីៗនេះតាមបណ្តាញព័ត៌មានសង្គមបានផ្សព្វផ្សាយថា “មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ា ពាក់ព័ន្ធបញ្ហាទិញដីឡូត៍ពីលោក ជឿន សារួន អធិការរងនគរបាលខណ្ឌព្រែកព្នៅ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយបង់លុយរួចហើយ និងកំពុងបង់លុយបន្តតែមិនទទួលបានដី ហើយនឹងប្លង់ដែលអធិការរងខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ”។

ចំពោះករណី លោកវរសេនីយ៍ទោ ជឿន សារួន អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ មានអត្តលេខ៨៣៨១២ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យក្រោមរូបភាពបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ពាក់ព័ន្ធនឹងមន្រ្តីរូបនេះ បានល្មើសវិន័យកងកម្លាំងនគរបាលជាតិ អវត្តមានបាត់មុខគ្មានមូលហេតុដោយមិនបានមកបំពេញភារកិច្ចនៅអង្គភាពជាច្រើនថ្ងៃមកហើយ មិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។ ដូចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រជុំក្រុមប្រឹក្សាវិន័យហើយបានសម្រេចសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «ករណីអធិការរងខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ ជឿន សារួន ដែលបានធ្វើសកម្មភាពបង្កបញ្ហាពាក់ព័ន្ធ និងរឿងរ៉ាវដីធ្លីជាមួយប្រជាពលរដ្ឋ ជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធជាមួយនិងអង្គភាពនោះឡើយ»។

សូមរំឭកថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាប្រមូលផ្ដុំតវ៉ានៅទីតាំងដីឡូត៍ ក្រុមហ៊ុន អិល ឌី លែន ខូអិលធីឌី មានម្ចាស់គម្រោង លោកវរសេនីយ៍ទោ ជឿន សារួន ជាអធិការរងនៃនគរបាលខណ្ឌព្រែកព្នៅ ដោយសារតែពួកគាត់បានទិញដីឡូត៍មិនទទួលបានប្លង់រឹង និងមិនបានដី ពោល គឺមានតែគម្រោងបើទោះបីបង់លុយរួចយ៉ាងណាក្ដី។ សម្រាប់ទីតាំងគម្រោងដីឡូត៍នេះ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ 

ប្រជាពលរដ្ឋរងគ្រោះខ្លះមកពីខេត្តផ្សេងៗគ្នា និងជាកម្មការិនីរោងចក្រកាត់ដេរ និងកម្មការសំណង់ បានអះអាងថា «ពួកគាត់សន្សំលុយមិនហ៊ានចាយ ដើម្បីយកមកបង់រំលោះ គម្រោងដីមួយឡូត៍របស់លោក ជឿន សារួន ក្នុងតម្លៃ ៣ ៨០០ដុល្លារ ប៉ុន្តែទោះបង់ដាច់ពួកគាត់អត់ទទួលបានប្លង់ដី និងដីពិតប្រាកដនោះទេ ហើយម្ចាស់គម្រោងដីឡូត៍ក្រុមហ៊ុន អិល ឌី លែន ខូអិលធីឌី បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ស្រមោល»៕