2025-07-21 10:53
11

ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបិទកម្មវិធីមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការរចនាអនាគតសម្រាប់អនាគតយុវជនជំនាន់ក្រោយ» នៅហ្វេកធើរីភ្នំពេញ(Factory Phnom Penh) នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងនៅក្នុងកម្មវិធីនោះ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តកៀរគរ និងសហការក្នុងការរៀបចំកម្មវិធីមហោស្រពបច្ចេកវិទ្យាមេគង្គនៅឆ្នាំបន្តបន្ទាប់ ដើម្បីផ្ដល់ឱកាសដល់យុវជន សិស្ស និស្សិតជំនាន់ក្រោយបន្ថែមទៀត និងបន្តចូលរួមលើកទឹកចិត្ត និងគាំទ្រទាំងធនធានបច្ចេកទេស សម្ភារៈ និងធនធានហិរញ្ញវត្ថុ។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវបានគាំទ្រ និងស្វាគមន៍ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ផ្សេងៗដែលពាក់ព័ន្ធនឹងសកម្មភាព ឬកម្មវិធីរបស់ក្រសួង ជាពិសេសការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយហានិភ័យប្រមាណ ១,៥ លាននាក់។ ក្នុងនាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាអ្នកទទួលបន្ទុកអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាលនាអាណត្តិនេះ សំដៅធ្វើយ៉ាងណាឱ្យ «ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ជាពិសេសទិសស្លោករបស់ TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ។

រដ្ឋលេខាធិការ បានសង្កេតឃើញថា៖ «កម្មវិធីនេះមានកិច្ចពិភាក្សា និងចែករំលែកចំណេះដឹងទាក់ទងនឹងអាជីពសក្តានុពលដូចជា បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ បច្ចេកវិទ្យាអប់រំ បរិស្ថាន ថាមពល បច្ចេកវិទ្យាទេសចរណ៍ ស្ថាបត្យកម្មនិងវិស្វកម្ម អ្នកសរសេរកម្មវិធី បច្ចេកវិទ្យារូបូត អ្នកវិទ្យាសាស្ត្រ អ្នកបង្កើតមាតិកាឌីជីថល ផ្នែកបញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រទិន្នន័យ និងបច្ចេកវិទ្យាច្រវាក់ទិន្នន័យ (Digital Blockchain) ដែលជំនាញទាំងអស់នេះសុទ្ធតែជំនាញដែលមានតម្រូវការទីផ្សារ និងមានសក្តានុពលនាពេលបច្ចុប្បន្ន និងនាពេលអនាគត»។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររបស់មហោស្រពបច្ចេកវិទ្យាមេគង្គ ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥នេះឡើង ព្រមទាំងកោតសរសើរចំពោះក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ដៃគូឯកជន និងគ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការ គាំទ្រដល់ដំណើរការនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាទីមោទនៈ៕