
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ បានថ្លែងថា៖ «តាមការសិក្សាស្រាវជ្រាវយើងបានរកឃើញមានប្រទេស ជាង ១៥០ ប្រទេសនៅលើពិភពលោក សុទ្ធតែមានច្បាប់ដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេសនៅពេលពលរដ្ឋទាំងនោះធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងសន្តិសុខជាតិ»។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ «ក្នុងចំណោមប្រទេស ជាង ១៥០ ប្រទេស លើពិភពលោក នៅអ្វីទ្វីអឺរ៉ុបមានប្រទេសប្រមាណ ១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ និងក្នុងក្របខណ្ឌប្រទេសអាស៊ាន មានប្រទេស ចំនួន ០៩ មានច្បាប់ដកសញ្ជាតិ មានតែកម្ពុជាតែមួយគត់ដែលពុំទាន់មានច្បាប់ស្តីពីការដកសញ្ជាតិ»។ លោកបានថ្លែងទៀតថា៖ «ការស្រាវជ្រាវក៏បានបង្ហាញថា ក្នុងប្រទេសធំៗនៅលើពិភពលោកមានច្បាប់ស្តីពីការដកសញ្ជាតិ ដូចជា សហរដ្ឋអាមេរិក ដែលជាបិតាប្រជាធិបតេយ្យ មិនមែនតែសញ្ជាតិតូបនីយកម្មនោះទេ សូម្បីសញ្ជាតិពីកំណើតក៏ដកដែរឱ្យតែប្រព្រឹត្តខុសច្បាប់ប្រឆាំងផលប្រយោជន៍របស់អាមេរិក បានរាំង អង់គ្លេស អាឡឺម៉ង់ កាដាណា អូស្ត្រាលី ឥណ្ឌា កូរ៉េខាងត្បូង ជាដើម សុទ្ធតែមានច្បាប់អនុញ្ញាតដកសញ្ជាតិ»។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងទៀតថា៖ តាមការស្រាវជ្រាវលើប្រទេសជាង ១៥០ ប្រទេស រួមទាំងប្រទេសធំៗលើពិភពលោកដែលបានច្បាប់ដកសញ្ជាតិ គឺមានមូលហេតុធំៗ ចំនួន ០៤ គឺ៖ «ទី១៖ ការប្រព្រឹត្តអំពើក្បត់ជាតិ, ទី២៖ អំពើធ្វើឱ្យប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ អំពើភេវកម្ម អំពើធ្វើវិទ្ធង្សនា ហើយកន្លងទៅថ្មីៗនេះ ឆ្នាំ២០២៤-២០២៥ នៅប្រទេសអង់គ្លេស និងបារាំង បានសម្រេចដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួនតាមរយៈពលរដ្ឋទាំងនោះបានចូលរួមជាមួយក្រុមភេវករ ឬហៅថា “អាស៊ីស”, ទី៣៖ អំពើ ឬសកម្មភាពដែលមិនស្មោះត្រង់ចំពោះប្រទេសជាតិ និងទី៤៖ អំពើដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ស្នូររបស់ប្រទេសខ្លួន ដូចនៅកម្ពុជាយើងប្រព្រឹត្តល្មើសនឹងមាត្រា ៤៩ ថ្មី ជាដើម»។
សូមជម្រាបងថា រដ្ឋសភានៃព្រះជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានដ្ឋសភា ដែលមានវត្តមានសមាជិករដ្ឋសភា សរុបចំនួន ១២៥ អង្គ/រូប ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្ម មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការធ្វើវិសោធនកម្ម មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។
ក្រោយបញ្ចប់ការពិភាក្សាពេញមួយព្រឹករដ្ឋសភាអនុម័តជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ ១២៥លើ១២៥ សំឡេងលើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕
