2025-07-07 17:15
12

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភាជាតិកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា៖ «ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជាកាលពីសម័យមុន ក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ និងច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ឆ្នាំ១៩៦៨ ជាដើម។ ចំពោះការធ្វើវិសោធនកម្ម មាត្រា ៣៣ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើគប់គិតគ្នាជាមួយបរទេស»។

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃចន្ទ ទី០៧ ខែកក្កដានេះ រដ្ឋសភាទទួលពិនិត្យសិក្សាសំណើរបស់តំណាងរាស្រ្តហត្ថលេខ ១២៥ រូប ស្មើនឹង ១០០ភាគរយ នៃតំណាងរាស្រ្តសរុបមកពីចម្រុះគណបក្សនយោបាយទំាងអស់មានអាសនៈក្នុងរដ្ឋសភា ដែលបានស្នើសុំធ្វើវិសោធនកម្ម មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវរៀបចំក្របខ័ណ្ឌច្បាប់ដកសញ្ជាតិខ្មែរ «ចំពោះពលរដ្ឋក្បត់ជាតិ និងក្បត់ពលរដ្ឋខ្លួន ដោយបានចូលរួមគប់គិតជាមួយបរទស»។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចនេះ ឱ្យទៅគណៈកម្មការជំនាញ គឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ តាមគម្រោងគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំពិនិត្យលទ្ធផលនៃការពិនិត្យសិក្សារបស់គណៈកម្មការជំនាញនៅថ្ងៃទី០៨ ខែកក្កដាស្អែកនេះ ហើយសំណើសុំធ្វើវិសោធនកម្ម មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា របស់តំណាងរាស្រ្តហត្ថលេខទំាង ១២៥ រូបនេះ នឹងដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៤   នីតិកាលទី៧ ពិភាក្សា និងអនុម័តនៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ 

តាមសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា៖ «ការធ្វើវិសោធនកម្ម មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់ និងប្រឆំាងរាល់សកម្មភាពក្បត់ជាតិដោយបុគ្គលណា ដែលបានគប់គិតមួយបរទេសហើយមកបំផ្លាញជាតិ និងបំផ្លាញពលរដ្ឋខ្លួនឯង»។ 

យោងតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បានកំណត់ថា៖ «ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ»។ ជាមួយគ្នានេះ មាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក៏បញ្ជាក់យ៉ាងច្បាស់ដែរថា៖ «ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ»។ ផ្អែកតាមស្មារតីនេះ ការប្រព្រឹត្តអំពើក្បត់ជាតិ ឬ ការធ្វើសកម្មភាពណាមួយដែលបំផ្លាញឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ពិសេសការគប់គិតគ្នាជាមួយបរទេស ដើម្បីធ្វើសកម្មភាពទាំងនេះ គឺជាការប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រាសចាកពីឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ។ 

ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា៖ «ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជាកាលពីសម័យមុន ក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងច្បាប់ ស្ដីពី ការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម»។ ទន្ទឹមនេះ នៅបណ្ដាប្រទេសចំនួនប្រមាណ ១៥០ នៅលើពិភពលោក ទំាងនៅអាស៊ី និងអឺរ៉ុប (មាន២៨ប្រទេស មាន១៨ ប្រទេសមានច្បាប់ដកសញ្ជាតិ ព្រោះប្រទេសទាំងនេះជាបិតាប្រជាធិបតេយ្យ)។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមាន ដូចជា បារាំង, អាម៉េរិក, អង់គ្លេស, អាល្លឺម៉ង់, អូស្ត្រាលី, អ៊ីតាលី, ប៊ែលហ្ស៊ិក, ឥណ្ឌា, កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេសក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។

រដ្ឋសភាបានគូសបញ្ជាក់ថា៖ «ការធ្វើវិសោធនកម្មមាត្រា៣៣  ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ»។សូមជម្រាបថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានទួលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថា សេចក្ដីស្នើសុំធ្វើវិសោធនកម្ម មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ មិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមឡើយ។ សេចក្ដីស្នើសុំធ្វើវិសោធនកម្ម មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ អាចធ្វើទៅបាន៕