2025-07-07 09:19
5

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា៖ «បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ភាគីថៃបានបង្កភាពតានតឹង និងប្រឈមមុខដាក់គ្នាផ្នែកកងទ័ពនៅក្នុងតំបន់ប្រាសាទព្រះវិហារ និងនៅតាមបន្ទាត់ព្រំដែន»។ 

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ ការប៉ះទង្គិចគ្នារវាងកងទ័ពនៃប្រទេសទាំងពីរបាននាំឱ្យមានការខូចខាតដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក និងបានបំផ្លាញទាំងស្រុងនូវផ្សារឈ្មោះ «ផ្សារជើងប្រាសាទ» ឬ «ផ្សារមុខប្រាសាទ» មានទីតាំងនៅជើងភ្នំព្រះវិហារ ដែលមានចំនួន ២៦២ តូប ដោយមានប្រជាពលរដ្ឋអាស្រ័យផល ចំនួន ៣១ គ្រួសារ។ 

លោកបានបន្ថែមទៀតថា ទោះបីជាយ៉ាងណាក៏ដោយកម្ពុជាបានឈរលើគោលការណ៍ដោះស្រាយដោយសន្ដិវិធី និងច្បាប់អន្ដរជាតិ។ ជាក់ស្ដែងការប៉ះទង្គិចគ្នានាពេលនោះ បានធូរស្រាលទៅវិញបន្ទាប់ពីកម្ពុជាបានស្នើរទៅកាន់តុលាការអន្ដរជាតិ (ICJ) បកស្រាយឡើងវិញនូវសាលក្រមនៃរឿងក្ដីប្រាសាទព្រះវិហារ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ 

ប្រជាជនកម្ពុជាបានហែលឆ្លងនូវទុក្ខលំបាកវេទនាច្រើនរាប់មិនអស់ដែលកើតឡើងដោយសារសង្គ្រាមក្នុងអតីតកាល ដែលធ្វើឱ្យប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់នូវតម្លៃនៃសុខសន្ដិភាព។ ការប៉ះទង្គិចគ្នាចន្លោះឆ្នាំ២០០៨ ដល់ ២០១១ បានបង្កជាផល់ប៉ះពាល់ជាច្រើនដល់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ដូចជា ដោយការជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព និងអាក់ខាននូវការប្រកបរបរទទួលទានប្រចាំថ្ងៃ ក៏ដូចជាប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្សផងដែរ។ 

ទោះបីជាយ៉ាងណាក៏ដោយ ស្មារតីរួមគ្នាជាធ្លុងមួយឧបត្ថមគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជាដែលជាសមរភូមិក្រោយបានក្លាយកម្លាំងគាំទ្រដល់កងទ័ពដែលឈរជើងនៅជួរមុខ។ ជាពិសេស ការគាំទ្រនេះបានក្លាយជាកម្លាំងរួមដ៏ខ្លាំងក្លាដែលខ្មាំងសត្រូវមិនអាចយកឈ្នះបាន។ 

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ «មិនថាការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០០៨ ដល់ ២០១១ ឬភាពតានតឹងប្រឈមមុខដាក់គ្នាក្នុងពេលនេះ កម្លាំងគាំទ្ររបស់ ប្រជាពលរដ្ឋដែលជាសមរភូមិក្រោយ គឺជាខឿនការពារជាតិដ៏រឹងមាំ ជាកម្លាំងជំរុញទឹកចិត្ត និងស្មារតីកងទ័ពដែលឈរជើងនៅខ្សែត្រៀមជួរមុខ»។ 

លោកបន្ថែមទៀតថា៖ «ក្នុងនាមជាប្រជាពលរដ្ឋ យើងជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានត្រៀមខ្លួនរួចជាស្រេច និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ក៏ដូចជាសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍នានាដោយបោះជំហានយ៉ាងស្វាហាប់ប្រកបដោយភាពជឿជាក់»៕