2025-07-03 11:24
12

កំពង់ធំ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា៖ «ការកសាងអគារស្នាក់ការរបស់គណបក្សខេត្តកំពង់ធំដ៏ធំបែបនេះវាមិនមែនជាកើតឡើងដោយការចៃដន្ននោះទេ គឺបានមកពីកម្លាំងសាមគ្គីគ្នាចូលរួមរបស់សមាជិកសមាជិកាគណបក្សទាំងមូល ដែលបង្ហាញអំពីការជឿជាក់ដ៏ភាពរឹងមាំ ការដឹកនាំរបស់គណបក្សក្នុងការដឹកនាំ និងបម្រើប្រជាជនរយៈពេលវែង ព្រោះបានកន្លងផុតជាង ៥០ឆ្នាំមកហើយ»។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ខេត្តកំពង់ធំ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជូនចំពោះសមាជិកសមាជិកាគណបក្សប្រជាជនខេត្តកំពង់ធំទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបានដាក់ចេញត្រឹមឆ្នាំ២០៥០ ដើម្បីធានានូវនិរន្តរភាព ប៉ុន្តែសម្តេចជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នៅបន្តនៅបម្រើប្រជាពលរដ្ឋកម្ពុជាយូអង្វែង ព្រោះកិច្ចការងារធំពីរ គឺទី១៖ ប្រជាពលរដ្ឋបានឱ្យតម្លៃលើសច្ចភាព លើការខិតខំប្រឹងប្រែងរបស់គណបក្ស និងទី២៖ ទោះបីជា ១០០ឆ្នាំទៅមុខទៀត គណបក្សមិនបោះបង់ចោលនូវបុព្វហេតុរបស់ខ្លួនដែរ គឺដើម្បីជាតិ និងប្រជាជន»

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្ដែងការអបអរសាទរចំពោះទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មី ដែលទីតាំងនេះ សម្រាប់រយៈពេលវែងឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈររបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។

សម្ដេចធិបបានបញ្ជាក់ថា៖ «កម្លាំងសាមគ្គីគ្នារបស់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជារួបរួមគ្នាកសាងស្នាក់ការគណបក្សខេត្តកំពង់ធំ បង្ហាញយ៉ាងច្បាស់ពីភាពរឹងមាំ និងកម្លាំងរួបរួមសាមគ្គីគ្នារបស់សមាជិកគណបក្ស ខណៈការសាងសង់ស្នាក់ការបក្សនេះ ក៏បង្ហាញពីការដឹកនាំរឹងមាំរបស់គណបក្សនៅជាមួយប្រជាជនយូរអង្វែងទៅមុខ»។

សម្ដេចធិបតីបានបញ្ជាក់ថា៖ «មានចំនួនប្រជាពលរដ្ឋ ៨២ ភាគរយនៃប្រជាជលរដ្ឋក្នុងខេត្តកំពង់ធំ បានអញ្ជើញទៅបោះឆ្នោត ក្នុងនោះ ៧៤,១១ ភាគរយ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានបង្ហាញពីការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋលើគណបក្សប្រជាជនកម្ពុជា ដោយមិនបានជឿទៅតាមការញុះញង់របស់គណបក្សប្រឆាំងមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត ជាដើម ប៉ុន្តែប្រជាពលរដ្ឋបានជឿជាក់យ៉ាងច្បាស់ ទៅលើការដឹកនាំរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា»។

សម្តេចធិបតីបានបញ្ជាក់បន្ថែមថា៖ «ដោយសារប្រជាពលរដ្ឋមានការជឿជាក់លើគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិឱ្យមានភាពរីកចំរើន រក្សាបាននូវសុខសន្តិភាព ស្ថេរភាពពេញលេញ មានកំណើនសេដ្ឋកិច្ចជាលំដាប់»៕