2025-07-03 08:39
15

បណ្តាញស៊ើបការណ៍សម្ងាត់របស់ទីក្រុង គៀវ (Kyiv) បានឲ្យដឹងថា កូរ៉េខាងជើង គ្រោងនឹងបញ្ជូនទាហានចំនួន 30,000 នាក់បន្ថែមទៀត ដើម្បីជួយដល់រុស្ស៊ីក្នុងការឈ្លានពានវាយប្រហារលើអ៊ុយក្រែន ដោយវាមានចំនួនបីដង ក្នុងការដែលកូរ៉េខាងជើងបញ្ជូនទៅឱ្យទីក្រុងម៉ូស្គូ។

យោងតាមការរាយការណ៍ពី CNN បានឲ្យដឹងថា បន្ទាប់ពីបានបញ្ជូនទាហានជិត 12,000 នាក់ ដើម្បីជួយរុស្ស៊ីដណ្តើមយកតំបន់ Kursk មកវិញកាលពីដើមឆ្នាំ ២០២៥នេះ ទីក្រុងព្យុងយ៉ាងគ្រោងនឹងពង្រឹងវត្តមានរបស់ខ្លួន នៅតាមជួរមុខត្រឹមតែក្នុងប៉ុន្មានខែខាងមុខនេះប៉ុណ្ណោះ ដើម្បីបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំ ។

លើសពីនេះ បើតាមសេវាស៊ើបការណ៍សម្ងាត់ជាតិរបស់ទីក្រុងសេអ៊ូល (NIS) បានឲ្យដឹងដែរថា រុស្ស៊ីកំពុងរៀបចំសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែនក្នុងរយៈពេលពីរខែខាងមុខទៀត ដោយទីក្រុងម៉ូស្គូបានកំណត់ប្រើប្រាស់យន្តហោះចម្បាំងរបស់កូរ៉េខាងជើងរាប់ពាន់គ្រឿងដើម្បីអាចយកឈ្នះលើអ៊ុយក្រែនបាន។ 

ម្យ៉ាងវិញទៀត ប្រមុខយោធាកំពូលរបស់អ៊ុយក្រែន បានបង្ហាញថា ទីក្រុងមូស្គូកំពុងប្រមូលផ្តុំកងទ័ពប្រហែល ៥០,០០០ នាក់នៅតាមព្រំដែននៃតំបន់ Sumy ជាកន្លែងដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបង្ហាញពីផែនការបង្កើតតំបន់ការពារសន្តិសុខ៕