2025-07-02 13:30
37

ឧត្តមានជ័យ៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងទ័ពដែលឈរជើងតំបន់ជួរមុខទិសទី២ និងទី៣ ក្នុងខេត្តឧត្តមានជ័យ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា៖ «ចំពោះកិច្ចការការពារបូរណភាពទឹកដី និងមុខមាត់ប្រទេសជាតិ ប្រជាជាជនខ្មែរ ត្រូវតែរួបរួមគ្នា»។

នាឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់មកពីមជ្ឍដ្ឋានផ្សេងៗគ្នា ក្នុងនោះមានតំណាងមកពីវស័យរដ្ឋ វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា ដែលបានចំណាយពេលវេលា និងធនធាន មកដល់ទីតាំងដើម្បីផ្តល់ជាកម្លាំងចិត្ត និងការគាំទ្រដល់កងទ័ពជួរមុខ។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានកោតសរសើរ និងបង្ហាញនូវមោទនភាព ដែលទទួលបានភាពកក់ក្តៅជាស្មារតីរួម ក្រោមការត្រៀមខ្លួនយ៉ាងស្វាហាប់របស់កងកម្លាំងមិនរាថតក្នុងការការពារបូរណភាពទឹកដី។ 

លោក ហ៊ុន ម៉ានី បានលើកឡើងថា៖ «ចំពោះកិច្ចការការពារបូរណភាពទឹកដី និងមុខមាត់ប្រទេសជាតិ ប្រជាជាជនខ្មែរ ត្រូវតែរួបរួមគ្នា»។ ដោយក្នុងនោះលោកបានគូសបញ្ជាក់ពីការចូលរួមរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ សារថ្មីម្តងទៀត លោក ហ៊ុន ម៉ានី ក៏បានថ្លែងអរព្រះរាជគុណសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលបានបានប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ៤០ លានរៀល មកកាន់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្ដមជូនដល់កងទ័ពជួរមុខនៅខេត្តព្រះវិហារដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីផងដែរ។

ការថ្លែងបញ្ជាក់យ៉ាងដូច្នេះរបស់ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខតាមបណ្ដោយព្រំដែន ទិសទី២ និងទិសទី៣ ខេត្តឧត្តរមានជ័យ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ។

អំណោយដែលនាំយកមកប្រគល់ជូនកងទ័ពនាពេលនេះ គឺជាបានមកពីការរួមគ្នារបស់សមាជិក សមាជិការ ស.ស.យ.ក. វិស័យឯកជន គ្រឹះស្ថានអប់រំ និងបងប្អូនប្រជាពលរដ្ឋ ដែលបង្ហាញពីការគាំទ្រពីសមភូមិក្រោយ (ប្រជាជន) ដល់កងទ័ពដែលឈរត្រៀមនៅសមរភូមិមុខ។

គួររំលឹកដែរថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្ដួចផ្ដើមរៀបចំកម្មវិធីដំណើរថ្មើរជើង «Solidarity March» ដែលមានការចូលរួមពីប្រជាជនកម្ពុជា ប្រមាណ ១៥ ម៉ឺននាក់ ក្នុងស្មារតីគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងក្រោមស្មារតី «ខឿនការពារជាតិប្រជាជន ជាខែលការពារជាតិដ៏រឹងមាំ»៕