2025-07-02 13:28
35

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកជំនាញច្បាប់អន្តរជាតិ ដែលធ្លាប់ជួយឲ្យកម្ពុជាឈ្នះក្ដីលើសំណុំរឿងប្រាសាទព្រះវិហារឆ្នាំ២០១១-២០១៣ ដើម្បីពិភាក្សាលើការបន្តនីតិវិធីលើបណ្ដឹងនៅតំបន់ព្រំដែនរសើបទាំង៤ រួមមាន៖ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។

ខាងក្រោមនេះ គឺជាសំណេរនៅលើទំព័រ facebook ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបង្ហោះ នាល្ងាចថ្ងៃអង្គារ ទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសរសេរថា៖ «ខ្ញុំទើបបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី»។ 

សម្តេចធិបតីបានបញ្ជាក់ថា៖ «លោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល គឺជាសមាជិកដ៏សំខាន់មួយរូបក្នុងក្រុមទីប្រឹក្សាច្បាប់និងមេធាវី ដែលបានជួយអោយកម្ពុជាទទួលជោគជ័យ ក្នុងរឿងក្តីនៃការបកស្រាយសាលក្រមប្រាសាទព្រះវិហារ (១៩៦២) នៅឆ្នាំ ២០១១-២០១៣ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ»។ 

ប្រមុខរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា៖ «កម្ពុជា នៅបន្តមិនរាថយចំពោះការនាំយករឿងក្តីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិនោះទេ»៕