
នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះសម្តេចតេជោបានសម្ដែងនៅក្តីរីករាយ ដែលបានជួបឯកឧត្តមសាជាថ្មី តែក៏សោកស្ដាយដែលឯកឧត្តមបានផុតអាណត្តិនៅកម្ពុជា។ សម្ដេចបានបន្តថាក្នុងរយៈពេលដែលឯកឧត្តមបានបំពេញបេសកកម្មការងារនៅកម្ពុជាបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ហើយបានធ្វើការងារជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយនិយាយដោយឡែកជាមួយសម្ដេចដែលឯកឧត្តមបានបំពេញការងារដើម្បីពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងទីម័រឡេស្តេឲ្យកាន់តែល្អប្រសើរ ហើយសម្ដេចបានចាត់ទុកឯកឧត្តមថាជាឯកអគ្គរដ្ឋទូតមួយដែលបានរឹតចំណងមិត្តភាពរវាងកម្ពុជានិងទីម័រឡេស្តេ។
ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រឡេស្តេបានអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមបានជួបជំរាបលានាឱកាសនេះ ឯកឧត្តមបានបង្ហាញនូវក្តីនឹករលឹក ជាពិសេសអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមបានធ្វើកិច្ចការងារ និងរស់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ដែលមានអនុស្សាវរីយ៍និងដិតជាប់ជាមួយនឹងប្រទេសកម្ពុជា។ ឯកឧត្តមស្រលាញ់ប្រទេសកម្ពុជា និងចាត់ទុកប្រទេសកម្ពុជាប្រៀបបានដូចប្រទេសទី២របស់ឯកឧត្តម ហើយថ្វីត្បិតតែពេលនេះឯកឧត្តមបានចប់អាណត្តិនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបេះដូងរបស់ឯកឧត្តមនៅជាប់ជាមួយនឹងប្រជាជនកម្ពុជាជាប់ជាមួយថ្នាក់ដឹកនាំកម្ពុជា។ ជាមួយគ្នានោះឯកឧត្តមក៏បានអរគុណសម្ដេចតេជោដែលបានជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅតុលាខាងមុខ ឯកឧត្តមបានលើកឡើងថាប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសម្ដេចតេជោទេ ទីម័រឡេស្តេមិនអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងឆ្នាំខែតុលាខាងមុខនេះទេ។ ដូច្នេះនេះគឺជាគុណរបស់សម្ដេចតេជោដែលបានចូលរួមចំណែកដល់ទីម័រឡេស្តេ ហើយឈ្មោះសម្ដេចតេជោ នឹងស្ថិតនៅជាប់និងប្រជាជនទីម័រឡេស្តេគ្រប់កាលៈទេសៈ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចការងារដែលបានធ្វើការងារមួយចំនួនជាមួយឯកឧត្តមឯកគ្គរដ្ឋទូតទីម័រឡេស្តេ ហើយក៏បានផ្ដាំសួរសុខទុក្ខដល់ចំពោះឯកឧត្តម Gusmão ដែលជានាយករដ្ឋមន្ត្រី និងឯកឧត្តម José Ramos-Horta ដែលជាប្រធានាធិបតីទីម័រឡេស្តេ ហើយសម្ដេចតេជោក៏រំលឹកអំពីដំណើរទស្សនៈកិច្ច របស់សម្ដេចទៅកាន់ទីម័រឡេស្តេកាលពីពេលកន្លងទៅ ដែលទទួលបាននូវភាពជោគជ័យ ហើយទទួលបាននូវការស្វាគមន៍យ៉ាងរាក់ទាក់ ដែលមានឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេជាអ្នកបើកឡានជូនដំណើរសម្ដេច និងនាយករដ្ឋមន្ត្រីនៅអមពីក្រោយ ដែលនេះជាប្រវត្តិសាស្ត្រមួយដែលបានកើតឡើង នៃទំនាក់ទំនងរវាងកម្ពុជានិង ទីម័រឡេស្តេ។ សម្ដេចតេជោក៏បានរំលេចផងដែរ ក្នុងជីវិតរបស់សម្ដេចតេជោក្នុងកិច្ចការ អន្តរជាតិនេះ សម្ដេចមានមោទនភាពណាស់ដែលអាចជួយទីម័រឡេស្តេឲ្យចូលជាសមាជិកអង្កេតការណ៍ក្នុងឆ្នាំ២០២២ និង ទីម័រឡេស្តេអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅខែតុលាឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីសម្ដេចបានដឹកដៃឥណ្ឌា ឱ្យក្លាយទៅជាដៃគូរបស់អាស៊ាន នៅឆ្នាំ២០០២ កន្លងទៅប្រស្នាដៃរបស់សម្ដេចបានធ្វើដែរ។
នាឱកាសនោះសម្ដេចតេជោបានពន្យល់ ឯកឧត្តមអគ្គរដ្ឋទូតទីម័រឡេស្តេ អំពីស្ថានភាពព្រំដែននៅកម្ពុជា គឺបញ្ហាជម្លោះកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីការចាប់ផ្ដើមដោយទាហានថៃបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី ២៨ ខែឧសភា និងការបិទព្រំដែនជាឯកតោភាគី។ សម្ដេចបានបញ្ជាក់ថា កម្ពុជាទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់ គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ គឺយើងចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពានកម្ពុជាគឺយើងត្រូវប្រើសិទ្ធិការពារនៅវៃបកត្រឡប់ទៅវិញ។
ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រឡេស្តេក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និងគោលបំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា ឯកឧត្តមក៏បានកោតសរសើរចំពោះសម្ដេចតេជោ ក្នុងការដោះស្រាយបញ្ហាសំខាន់ៗជាច្រើនរបស់កម្ពុជា ដែលជាអ្នកយុទ្ធសាស្ត្រដ៏អស្ចារ្យមួយ ដែលឯកឧត្តមបានរៀនសូត្រ និងគោរពជាទីបំផុតដែលសម្ដេចបានធ្វើកន្លងមក។ ឯកឧត្តមសង្ឃឹមថាខាងមុខទៀត ទីម័រឡេស្តេ នឹងយកកម្ពុជាជាគំរូក្នុងការដោះស្រាយបញ្ហាក៏ដូចជាការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពល្អប្រសើរបន្ថែមទៀត៕


