
តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា៖ «ជំហរយ៉ាងច្បាស់របស់កម្ពុជាអំពី ករណី បិទ ឬបើកព្រំដែនកម្ពុជា-ថៃ គឺកូនសោអាស្រ័យលើភាគីថៃប៉ុណ្ណោះ ព្រោះថៃជាអ្នកបង្កើតនូវបញ្ហានេះ ដោយបានសម្រេចឱ្យមានការ បិទ ឬការបើកដោយខ្លួនឯង ជាឯកតោភាគី គិតចាប់ពីថ្ងៃទី០៧ ខែមិថុនា កន្លង ទៅ ដោយមិនត្រូវម្តងបិទ ឬ ម្តងបើក ដោយគ្មានគោលជំហច្បាស់លាស់ និងចេតនាត្រឹមត្រូវ»។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះក្នុងពិធី “ទិវាមច្ឆជាតិ លើកទី២០” នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងទៀតថា៖ «ចំពោះកម្ពុជា គឺរក្សាគោលជំហរយ៉ាងច្បាស់ និងយ៉ាងសាមញ្ញ ដោយថៃជាអ្នកដោះស្រាយ ចាក់សោដោយប្រកាសបើកឱ្យដូចដើមវិញគ្រប់ច្រកព្រំដែន និងសន្យាមិនឱ្យកើតមានឡើងជាថ្មី ពិសេសនឹងមិនមានការបិទ ឬបើកច្រកដោយឯកតោភាគីដូចមុនជាថ្មី ដើម្បីធានាដល់និរន្តភាពនៃ ការ ធ្វើទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ, បម្រើផលប្រយោជន៍ប្រជាជនទាំងពីរ»។
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា៖ «កម្ពុជា នឹងពិនិត្យបើកដំណើរការឡើងវិញទាំងអស់យ៉ាងយូរត្រឹមរយៈពេល ៥ម៉ោង។ អ្វីដែលកម្ពុជាធ្វើ គឺដើម្បីតែការពារសេចក្តីថ្លៃថ្នូរ, កិត្តិយស, ភាពត្រឹមត្រូវ, ការពារបូរណភាពទឹកដី និងបម្រើឧត្តមប្រយោជន៍ជាតិខ្មែរ, ពោល គឺកម្ពុជាប្រកាន់ខ្ជាប់នូវការជ្រើសយកច្បាប់អន្តរជាតិ និងសន្តិភាព»៕



