2025-06-28 09:41
9

ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រាប់អភិបាលខេត្តស្រះកែវ លោក ផារិនយ៉ា ភូធិសាត់ (ParinyaPhuthisat) ថា៖ «លោកអត់ដឹងអំពីប្រវត្តិស្ពានព្រំ-បានប៉ាក់កាដទេ។ កម្ពុជាមានសមត្ថភាពរួមទាំងធនធានក្នុងការសាងសង់ស្ពាននេះតាំងពី២០ឆ្នាំមុនមកដោយគ្មានជំនួយពីអ្នក»។ នេះបើតាមការសរសេរបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់លោកស្រីអភិបាលខេត្ត
អភិបាលខេត្តប៉ៃលិន បានសរសេរថា៖ «សូមជម្រាបជូនលោក ផារិនយ៉ា ភូធិសាត់ អភិបាលខេត្តស្រះកែវថា លោកអត់ដឹងអំពីប្រវត្តិស្ពានព្រំ-បានប៉ាក់កាដទេ។ ប្រទេសកម្ពុជាមានសមត្ថភាពរួមទាំងធនធានក្នុងការសាងសង់ស្ពាននេះតាំងពី២០ឆ្នាំមុនមកដោយគ្មានជំនួយពីអ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារប្រទេសថៃបានសន្យា និងស្នើសុំសាងសង់ យើងបានពន្យារពេលការសាងសង់ជាយូរណាស់មកហើយ ដោយសារតែស្ថានការណ៍នយោបាយក្នុងប្រទេសអ្នកប្រែប្រួលឥតឈប់ឈរ»។ 

លោកស្រី បាន ស្រីមុំ បានបញ្ជាក់ថា៖ «កម្ពុជាតែងតែយោគយល់ និងគិតពីមិត្តភាព និងភាពជាអ្នកជិតខាង។គម្រោងនេះមិនមែនជាសកម្មភាពនៃជំនួយមនុស្សធម៌ទេ។ អ្នកស្នើសុំធ្វើគម្រោងនេះ យើងមិនបានស្នើសុំជំនួយរបស់អ្នកទេ។ ជាថ្មីម្តងទៀត យើងមានធនធានគ្រប់គ្រាន់ដើម្បីសាងសង់ស្ពាននេះ»។

អភិបាលខេត្តប៉ៃលិន ក៏បានជូនពរលោក ផារិនយ៉ា ភូធិសាត់ អភិបាលខេត្តស្រះកែវ ទទួលជោគជ័យគ្រប់បេសកកម្ម និងទទួលបានស្នាដៃក្នុងជិវិតការងាររបស់អ្នកចុងក្រោយមុននឹងចូលនិវត្តន៍ផងដែរ៕