
ព្រះសីហនុ៖ កងទ័ពជើងទឹកកម្ពុជា បានបណ្តេញកប៉ាល់ដឹកប្រេងថៃ ០១គ្រឿង ឈ្មោះ Chetthanabodi 6 ដែលបានលួចចូលមកក្នុងដែនទឹកកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ។
នេះជាការអនុវត្តវិធានការម៉ឺងម៉ាត់ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេះ។ មិនត្រឹមតែប្រេងទេ កងទ័ពជើងទឹកកម្ពុជាក៏នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយមិនអនុញ្ញាតឱ្យមានការលួចនាំចូលនូវបន្លែផ្លែឈើថៃតាមជើងទឹកផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសឱ្យផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ បន្ទាប់មានការគំរាមពីភាគីថៃមកលើកម្ពុជា។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រភពផ្សេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋគ្រប់គ្រាន់មិនជាបញ្ហានោះទេ»។
សូមបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល បានផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃទាំងស្រុងចាប់ពីម៉ោង១២យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។ ដោយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេស៕

