2025-06-25 14:22
27

គណបក្សភឿថៃ ដែលកាន់អំណាចបច្ចុប្បន្នហាក់មានការរង្គោះរង្គើកាន់តែខ្លាំង ដោយ ពេលនេះ បក្ស Bhumjaithai របស់លោក Anutin Charnvirakul ដែលធ្លាប់តែជាសមាជិកនៅក្នុងសម្ព័ន្ធបក្សនយោបាយកាន់អំណាច និងឯកភាពលើគោលនយោបាយជាច្រើន បានដើរចេញពីសម្ព័ន្ធ និងបានក្លាយជាបក្សប្រឆាំងវិញម្តង ដោយសន្យាថានឹងដាក់សំណើដកសេចក្តីទុកចិត្តលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ប្រមុខរដ្ឋាភិបាលថៃ ទៅរដ្ឋសភាថែមទៀតផង។ នេះបើយោងទៅតាមការចេញផ្សាយពីការសែតថៃ The Nation នាថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥ នេះ។

យ៉ាងណាមិញ បើទោះបីជាមានការដើរចេញពីសម្ព័ន្ធ នៃបក្ស Bhumjaithai យ៉ាងណាក៏ដោយ ក៏គណបក្សភឿថៃ ដែលជាគណបក្សឈានមុខគេក្នុងក្រុមចម្រុះ នៅតែមានទំនុកចិត្តថា ខ្លួនអាចបន្តដឹកនាំរដ្ឋាភិបាលតាមរយៈនយោបាយដ៏ច្របូកច្របល់នេះបាន។ ប៉ុន្តែជាក់ស្ដែងផ្ទុយពីការប្រកាន់ជំហររបស់បក្សភឿថៃខាងលើ វាហាក់ដូចជាពិបាក ដោយទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៅតែបន្តកើនមានឡើងជុំវិញ ទាំងរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី Paetongtarn  ព្រោះថាភាពមិនប្រាកដប្រជាកំពុងតែលេចឡើងចំពោះស្ថិរភាពនៃសមាជិកសម្ព័ន្ធដទៃទៀត  ដោយសារតែការប្រជែងគ្នាក្នុងបក្ស និងការលេងអំណាចគំរាមកំហែងបំផ្លាញឯកភាពផ្ទៃក្នុងបក្សទៅវិញទៅមក។

តួយ៉ាង ពេលនេះ បក្ស Bhumjaithai បានអំពាវនាវឱ្យបក្សនយោបាយផ្សេងទៀតចូលរួមគាំទ្រ និងចុះហត្ថលេខារួមគ្នាលើសំណើជជែកដកសេចក្តីទុកចិត្តលើលោកស្រី ផែថងថាន ដែលនឹងធ្វើឡើងដោយផ្អែកតាមមាត្រា ១៥១ នៃរដ្ឋធម្មនុញ្ញ។ 

គួរបញ្ជាក់បន្ថែមថា បក្ស Bhumjaithai ដែលដឹកនាំដោយ លោក Anutin Charnvirakul បានដើរចេញពីសម្ព័ន្ធបក្សកាន់អំណាច ក្រោយបក្សភឿថៃ បានស្នើតំណែងរដ្ឋមន្រ្តីចំនួន ២ ដើម្បីដើរដោះដូរលើការគ្រប់គ្រងក្រសួងមហាផ្ទៃ៕