2025-06-18 12:24
16

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សារជាថ្មី ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃដែលកំពុងឡើងកម្ដៅ គឺកម្ពុជាបាននឹងកំពុងដោះស្រាយដោយជំហររក្សាសន្ដិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សម្ដេចនាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះ ក្នុងឱកាសថ្លែងសារពិសេស ជូនចំពោះមហាជនក្នុងឱកាសរៀបចំពីធីដំណើរថ្មើរជើងរួមគ្នា «Solidarity March» នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ។

ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកដល់ព្រះរាជគុណូបការៈដ៏ឧត្តុងឧត្តម និងថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលបានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងអង់អាចក្លាហានក្នុងការដណ្ដើមឯករាជ្យជាតិពេញលេញជូនប្រជាជាតិកម្ពុជា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងការពារបូរណភាពទឹកដីកម្ពុជាតាមរយៈការទទួលបានជោគជ័យលើរឿងក្ដីប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ 

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងដឹងគុណដល់រាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះការដឹកនាំប្រទេសជាតិប្រកបដោយការលះបង់ ការខិតខំប្រឹងប្រែង និងទំនួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ រហូតផ្ដល់សន្ដិភាពពេញលេញតាមរយៈនយោបាយ «ឈ្នះ-ឈ្នះ» ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា រហូតដល់ពេលបច្ចុប្បន្ន។

នៅក្នុងស្មារតីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្ដេជ្ញាបន្តបេសកកម្ម និងគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីថែរក្សា ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្ដិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ និងប្រជាជនកម្ពុជា»។

សម្ដេចធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមទៀតថា៖ «ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃដែលកំពុងឡើងកម្ដៅ កម្ពុជាបាននឹងកំពុងដោះស្រាយដោយជំហររក្សាសន្ដិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ»។ 

សម្ដេចធិបតីបានបន្ថែមថា៖ «កម្ពុជាបន្តប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ដើម្បីបន្តការវាស់វែងខណ្ឌសីហា និងបោះបង្គោលព្រំដែនដែលនៅសេសសល់ លើកលែងតែនៅតំបន់បួន គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដែលកម្ពុជាបានប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយរកដំណោះស្រាយ ហើយលិខិតផ្លូវការរបស់កម្ពុជា បានប្រគល់ទៅឱ្យ ICJ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ»។

សម្ដេចធិបតី ហ៊ុន សែន បានបញ្ជាក់ថា៖ «កម្ពុជា ជ្រើសរើសយកដំណោះស្រាយដោយសន្ដិវិធីផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការ ICJ គឺដើម្បីថែរក្សាសន្ដិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង និងសម្រាប់ជាឧត្តមប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ»។

សម្តេចធិបតីបានលើកឡើងថា មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈកាធ្វើដំណើរថ្មើរជើង «ព្យុហយាត្រាសាមគ្គីភាព» (Solidarity March) ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ។

សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដើម្បីបន្តបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាចខាត៕