2025-06-08 13:02
13

កោះកុង ៖ ច្រកទ្វាអន្តរជាតិចាំយាម (កោះកុង _ត្រាត ) សម្រេចធ្វើការបើកអោយអ្នកដំណើរ និងទំនិញ ចេញ ចូលជាធម្មតា ដោយកំណត់បើកច្រកនៅម៉ោង៩ព្រឹក និងបិទនៅម៉ោង៤រសៀល ។

បន្ទាប់ពីភាគីថៃ បានធ្វើការសម្រេចបិទច្រកទ្វាអន្តរជាតិ និងច្រករបៀងមួយចំនួនដោយឯកតោភាគីកាលពីម្សិលម៉ិញ ឃើញថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វាអន្តរជាតិចាំយាម រវាងខេត្តកោះកុង និង ខេត្តត្រាត បានសម្រេចបើកអោយអ្នកដំណើរចេញ ចូលជាធម្មតា តែមានការកាត់បន្ថយនូវពេលវេលា ដោយពីមុនយើងបើកច្រកនៅម៉ោង៦ព្រឹក និងបិទនៅម៉ោង១០យប់ តែចាប់ពីថ្ងៃនេះ គឺបើកនៅម៉ោង៩ព្រឹក និងបិទម៉ោង៤រសៀលវិញ ។

មេប៉ុស្តិប្រចាំច្រកទ្វាអន្រជាតិចាំយាម លោក ង៉ុយ ជាង បានបញ្ជាក់នៅព្រឹកថ្ងៃទី៨ ខែមិថុនា នេះថា ភាគីថៃ បានសម្រេចបើកច្រកចេញ ចូល នៅម៉ោង៨ព្រឹក និងបិទនៅម៉ោង៤ល្ងាច តែភាគីកម្ពុជា សម្រេចបើកនៅម៉ោង៩ព្រឹក បិទនៅម៉ោង៤ល្ងាចដូចគ្នា ។

លោកបានបញ្ជាក់បន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ កុំមានការភន្តច្រឡំថា មានការបិទច្រកមិនអោយចេញ ចូល គឺគ្រាន់តែមានការកាត់បន្ថយពេលវេលាបិទ និងបើកច្រកទ្វាតែប៉ុណ្ណោះ ដូចច្នេះបងប្អូន និងភ្ញៀវទេសចរណ៍ទាំងអស់ អាចធ្វើដំណើរចេញ ចូល ជាធម្មតាទៅតាមម៉ោងកំណត់ខាងលើ ប្រសិនបើមានការកែប្រែយ៉ាងណាទៀត លោកនិងធ្វើការជូនដំណឹងជាបន្ត ។

សូមបញ្ជាក់ថា មកទល់និងម៉ោងនេះ សម្រាប់ស្ថានភាពនៅមាត់ច្រកទ្វាអន្តរជាតិចាំយាម (កោះកុង_ត្រាត ) មានសភាពធម្មតា ដោយអ្នកដំណើរ និងទំនិញនានា នៅបន្តចេញ ចូលជាប្រក្រតី ៕